ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាជនសង្ស័យ៣នាក់ ករណីបើកនិងលេងល្បែងស៊ីសងខុសច្បាប់

កំពង់ចាម: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥ និង៣០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋ និងទទួលបានការឯកភាពពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ របស់អធិការដ្ឋាននគរបាលស្រុក ចម្ការលើ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលពី ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើកនិងលេងល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខឆ្នោតវៀតណាម) បានចំនួន០២ទីតាំង ។

ទីតាំងទី១ នៅចំណុចផ្ទះរបស់ឈ្មោះ ម៉ម សារ៉េត ស្ថិតនៅភូមិថ្លុកប្រវ៉ាន់ ឃុំបុសខ្នុរ ស្រុក ចម្ការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនបានមុខសញ្ញា ចំនួន០១នាក់ ឈ្មោះ ម៉ម សារ៉េត ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ថ្លុកក្រវ៉ាន់ ឃុំបុសខ្នុរ ស្រុក ចម្ការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១-ប្រាក់រៀលចំនួន ២០.០០០រៀល(ពីរម៉ឺនរៀល), ២-ទូរស័ព្ទដៃចំនួន០១គ្រឿង, ៣-ម៉ាស៊ីនគិតលេខចំនួន០១, ៤-ប៊ិច ចំនួន០២ដើម និងបន្ទាត់ចំនួន០២, ៥-កូនសៀវភៅកត់លេខឆ្នោតចំនួន០១ក្បាលនិងកាតុងកត់ឆ្នោតមួយចំនួន ។

ទីតាំងទី២ ស្ថិតនៅចំណុចផ្ទះរបស់ឈ្មោះ ស្រូយ ចាន់នី នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្រូយ ចាន់នី ភេទស្រី អាយុ៦២ឆ្នាំ ជនជាតិខ្មែរ ភូមិប្រសើ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ១-សៀវភៅកត់លេខឆ្នោតវៀតណាមចំនួន០៣ក្បាល, ២-ទូរស័ព្ទចំនួន០១គ្រឿង, ៣-ម៉ាស៊ីនគិតលេខចំនួន០២គ្រឿង, ៤-កាបូកស្ពាយពណ៌ចំនួន០១, ៥-ប៊ិចចំនួន០១ដើម, ៦-ប្រាក់ចំនួន ១៥០០០០រៀល(ដប់ប្រាំម៉ឺនរៀល) ។

ក្រោយពេលកិច្ចប្រតិបត្តិការ សមត្ថកិច្ចបានយកមុខសញ្ញាទាំង០២នាក់ខាងលើ មកធ្វើកាសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបុសខ្នុរ ពេលកំពុងសាកសួរមុខសញ្ញា ឈ្មោះ ដុំ វួចលីម ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ដែលជាមេឆ្នោត បានមកអះអាងថាមុខសញ្ញា០២នាក់ ខាងលើជាអ្នកលក់ឆ្នោតឲ្យខ្លួន និងបានរារាំងមិនឲ្យសមត្ថកិច្ចយកមុខសញ្ញាទាំង០២នាក់ខាងលើ មកអនុវត្តតាមផ្លូវច្បាប់នោះឡើយ ដោយមានការអនុញ្ញាតពី ឯកឧត្ដម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះ ដុំ វួចលីន នេះម្នាក់ទៀត ។

បច្ចុប្បន្នជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕

មតិយោបល់