ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូសណ្ដោងរ៉ឺម៉ក

ក្រចេះ: យោងតាមផេករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍រថយន្ត បុកម៉ូតូសណ្ដោងរ៉ឺម៉ក(ម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកសត្វគោ)។ ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ ២០២២ នៅវេលាម៉ោង១៩និង១០នាទីយប់ នៅចំណុចផ្លូវជាតិលេខ៧ (ស្នួល-មេមត់) ចំណុចបង្គោលគីឡូម៉ែត្រលេខ២៥២-២៥៣ ភូមិរហារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ពេលមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុក ម៉ូតូសណ្ដោងរ៉ឺម៉កដឹកសត្វគោពីក្រោយពេញទំហឹង ដែលម៉ូតូសណ្ដោងរ៉ឺម៉កម៉ាក វេវឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខបើករបរដោយឈ្មោះ រ៉ី អាម៉ាត ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងយកមធ្យោបាយពាក់ព័ន្ធ ម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីបន្តនីតិវិធី។ សពត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនបងប្អូនក្រុមគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

 

មតិយោបល់