ព័ត៌មានជាតិ

លោក ហ្សេលេនស្គី ប្តេជ្ញាដណ្តើមយកទីក្រុង Lysychansk មកវិញ ក្រោយធ្លាក់ចូលដៃរុស្ស៉ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះបានទទួលស្គាល់ថា កងកម្លាំងរបស់អ៊ុយក្រែន ពិតជាបានដកថយចេញពីទីក្រុងលីស៉ីចាន់ស៍្ក (Lysychansk) ក្នុងតំបន់ដុនបាស់ (Donbas) ភាគខាងកើត ក្រោយរុស្ស៉ីផ្លោង គ្រាប់ឥតឈប់ឈរ ប៉ុន្តែលោកប្តេជ្ញាថានឹងដណ្តើមការគ្រប់គ្រងទីក្រុងនេះមកវិញ ដោយប្រើអាវុធដែលជាជំនួយពីលោកខាងលិច។

ក្នុងសុន្ទរកថាជាវីដេអូ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ពិតណាស់ មេបញ្ជាការនៃកងទ័ពរបស់យើង បានថយចេញពីតំបន់សមរភូមិ ទីក្រុងលីស៉ីចាន់ស៍្ក ដែលរងការវាយប្រហារយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពរុស្ស៉ី ប៉ុន្តែយើងប្តេជ្ញាថានឹងដណ្តើមយកមកវិញឲ្យបាន និងសូមអរគុណដល់ សម្ព័ន្ធមិត្តចំពោះការបន្តផ្តល់អាវុធទំនើបជាបន្តបន្ទាប់មកកាន់ទីក្រុងកៀវ»។ លោក ហ្សេលេនស្គី បានបន្ថែមថា ខណៈរុស្ស៉ីកំពុងផ្តោតការវាយប្រហារលើ តំបន់ដុនបាស់ អ៊ុយក្រែននឹងវាយបកវិញដោយប្រើអាវុធរយៈចម្ងាយឆ្ងាយ ដូចជាមីស៉ីល HIMARS របស់សហរដ្ឋអាមេរិកជាដើម។

ចាប់តាំងពីការបោះបង់ចោលការវាយលុករដ្ឋធានីកៀវ រុស្ស៉ីបានប្រមូលផ្តុំកម្លាំងវាយប្រហារតំបន់ដុនបាស់ភាគខាងកើតប្រទេសអ៊ុយក្រែន វិញ ដែលរួមមានទីក្រុងលូហាន់ និងដូណេត ជាកន្លែងក្រុមបំបែករដ្ឋគាំទ្រដោយទីក្រុងមូស្គូ បានតស៊ូប្រយុទ្ធជាមួយអ៊ុយក្រែន តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ រុស្ស៉ី កាលពីថ្ងៃអាទិត្យផងដែរ តាមរយៈការគ្រប់គ្រងទីក្រុង លីស៉ីចាន់ស៍្ក បានអះអាងថាខ្លួនដណ្ដើមគ្រប់គ្រងតំបន់លូហានបានទាំងស្រុង ហើយសមរភូមិបន្ទាប់ នឹងផ្ដោតលើតំបន់ដូណេត វិញម្ដង៕

ប្រភព៖ Reuters

Ukrainian President Volodymyr Zelensky was brought to tears during his visit to Bucha.

មតិយោបល់