ភ្នំពេញៈ ក្រោយពីធ្វើការបើកសវនាការលើអង្គសេចក្តីនៃរឿងហិង្សានៅស្ពាននាគ ដែលមានជនជាប់ចោទជាសកម្មជនបក្សសង្គ្រោះជាតិ ចំនួន១១នាក់ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ លោក ប្លង់ សំណាង ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាឧទ្ធរណ៍បានប្រកាសសាលដីកាសម្រេចបំបែកសំណុំរឿងជាពីរ ដោយមួយសំណុំរឿងពាក់ព័ន្ធនឹងអ្នកដឹកនាំធ្វើកុបកម្ម និងមួយសំណុំរឿងទៀត គឺចូលរួមក្នុងចលនាកុបកម្ម។
លោក ចាន់ ចេន មេធាវីការពារសិទ្ធលោក មាជ សុវណ្ណារ៉ា បានថ្លែងថា ក្រុមមេធាវីការពារសិទ្ធិជនជាប់ចោទទាំងអស់មានសាទរចំពោះការបែកសំណុំរឿងរបស់តុលាការសាលាឧទ្ធរណ៍នេះ ប៉ុន្តែក្រុមមេធាវី គឺស្នើសុំឲ្យតុលាការសាលាឧទ្ធរណ៍ចេញសាលដីកាមោឃៈនូវរាល់នីតិវិធីរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញចោល ពោលគឺច្រាសចោលនូវសាលក្រមដែលបានផ្តន្ទាទោសជនជាប់ចោទទាំង១១រូបដោយមិនមានមេធាវីការពារសិទ្ធិនៅក្នុងសវនាការលើអង្គសេចក្តីកាលពីគ្រាកន្លងទៅនោះ។ លោកបន្តថា ក្រុមមេធាវីរបស់លោក នៅសុំយ៉ាងទទូចដល់តុលាការសាលាឧទ្ធរណ៍ឲ្យសម្រេចមោឃៈភាពនីតិវិធីរបស់តុលាការសាលាដំបូងក្រុងភ្នំពេញសិន ចាំបន្តនីតិវិធីជំនុំជម្រះលើអង្គសេចក្តីដែលតុលាការសាលាឧទ្ធរណ៍បានចេញសាលដីកាសម្រេចបំបែកនៅព្រឹកនេះ។
លោក អំ សំអាត អ្នកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ បានថ្លែងថា ក្នុងនាមអង្គការការពារសិទ្ធិមនុស្សលោកពិតជារីករាយក្នុងការឃើញតុលាការកាត់ទោសជនជាប់ចោទដោយសុភវិនិច្ឆ័យ ពោលគឺប្រាសចាកពីអគតិទាំង៤ និងមានការចូលរួមពីគ្រប់ភាគីនៃសំណុំរឿង ដើម្បីឲ្យភាគីទាំងអស់ទទួលបានយុត្តិធម៌ដូចៗគ្នា។
សូមជម្រាបជូនថា សំណុំរឿង ហិង្សានៅស្ពាននាគ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដែលមានជនជាប់ចោទចំនួន ១១នាក់ រួមមាន៖
ទី១-ឈ្មោះ មាជ សុវណ្ណារ៉ា ទី២-ឈ្មោះ អឿ ណារិន ទី៣-ឈ្មោះ ឃិន រឿនហៅឃិន ចំរើន ទី៤-ឈ្មោះ នាង សុឃុន ទី៥-ឈ្មោះ សាន គឹមហេង ទី៦-ឈ្មោះ ស៊ុ ពុទ្ធី ទី៧-ឈ្មោះ កែ ឃីម ហៅ វិន ឌី ទី៨- ឈ្មោះ ទេព ណារិន ទី៩-ឈ្មោះ អាន បឋម ហៅ សុខុម ទី១០-ឈ្មោះ សាន សីហៈ និងទី១១-ឈ្មោះ អ៊ុក ពេជ្រសំណាង ។
គួរបញ្ជាក់ថា ការបើកសវនាការនៅព្រឹកនេះធ្វើឡើងតបតាមបណ្តឹងទាស់របស់សកម្មជនបក្សប្រឆាំងទាំង១១រូប ដែលពួកគេមិនព្រមទទួលយកសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញកាលពីខែតុលា ឆ្នាំ២០១៥កន្លងទៅ បានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពួកគេម្នាក់ៗពី៧ ទៅ២០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ចូលរួមក្នុងចលនាកុបកម្ម និងដឹកនាំកុបកម្ម យោងតាមមាត្រា៤៥៧ និងមាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ៕
https://youtu.be/PrrWiMgzQIQ
មតិយោបល់