ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់ៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧​ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២០ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាក Toyota Prius បើកបរមិនប្រកាន់ស្តាំទៅបុករថយន្តមួយទៀតម៉ាក Toyota Revo Rally បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ នៅលើផ្លូវលេខ១០១ ត្រង់ចំណុចមុខអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ កែវ សារិ អធិការ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2B-5623 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ដោយបើកបរមិនប្រកាន់ស្តាំ បានបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាក Toyota Revo Rally ពណ៌ស ពាក់ស្លាកលេខ កម្ពុជា RAVY.168 ធ្វើដំណើរក្នុងទិសដៅច្រាសគ្នា បណ្តាលឱ្យខូចខាតរថយន្តទាំង២គ្រឿង និងរងរបួសធ្ងន់ចំពោះអ្នកបើកបររថយន្តម៉ាក Toyota Prius បង្កការភ្ញាក់ផ្អើល និងកកស្ទះចរាចរណ៍ ។

ក្រោយពេលកើតហេតុ កម្លាំងនៃអធិការដ្ឋានក្រុងពោធិ៍សាត់ បានជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យ ។

លោកបានបន្តថា អ្នកបើកបរថយន្តម៉ាក Toyota Prius ពណ៌ប្រផេះ ពាក់ស្លាកលេខ បាត់ដំបង 2B-5623 មានឈ្មោះ សែម អង្គាបុស្ស ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរនិយោជិក មានទីលំនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ។ ចំណែកអ្នកបើកបររថយន្តម៉ាក Toyota Revo Rally ពណ៌ស ពាក់ស្លាកលេខ កម្ពុជា RAVY.168 មានឈ្មោះ វង្ស រ៉ាវី ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាអភិបាលរងស្រុកភ្នំក្រវាញ មានទីលំនៅភូមិត្រាំសេះ ឃុំបឹតបត់កណ្តោរ ស្រុកបាកាន ខេត្តពោធិ៍សាត់ ពុំមានរងរបួសទេ វត្ថុតាងរថយន្តទាំងពីរ សមត្ថកិច្ចបានស្ទូចយកមករក្សាទុក បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ៕

មតិយោបល់