ភ្នំពេញៈ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញពីជំហរ របស់កម្ពុជា ក្នុងការគាំទ្រ ឲ្យមានដំណោះស្រាយ ដោយការចរចាប្រកបដោយ សន្តិវិធី និងសន្តិភាព ក្នុងជម្លោះនៅឧបទ្វីបកូរ៉េ និងគោរពតាម សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រសាសន៍ដូចនេះជម្រាបជូន លោក ចាង យុនហ្គន់ ( Jang Yun Gon ) ឯកអគ្គ រដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពថ្មី នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ខណៈដែលលោកត្រូវបាន អនុញ្ញាតឲ្យចូល ជួបធ្វើសវនាការ និងសម្តែងការគួរសម កាលនាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ នៅវិមានព្រឹទ្ធសភា ។ ក្នុងជំនួបសវនាការនោះដែរ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា បានសម្តែងនូវអំណរសាទរ និងស្វាគមន៍ចំពោះវត្តមានលោក Jang Yun Gon ដែលត្រូវបាន តែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា។ តាមរយៈបេសកកម្មការទូតនេះ សម្តេច ជឿជាក់ថា នឹងរឹតតែ បន្តពង្រឹងពង្រីក ឥតឈប់ឈរ នូវទំនាក់ទំនងការទូតសហប្រតិបត្តិការល្អ រវាងប្រជាជន និងប្រទេសទាំងពីរថែមទៀត។
សម្តេច បានជម្រាបជូនឯកអគ្គរដ្ឋទូតថ្មី អំពីស្ថានភាពនៅកម្ពុជា ដែលបានកំពុងបន្តដំណើរទៅមុខតាមមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការ អភិវឌ្ឍ។ សេដ្ឋកិច្ចកម្ពុជា នៅតែបន្តរីកចម្រើនជាបន្តបន្ទាប់ ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៥ សម្រេចបានកំណើនជាមធ្យមភាគរយ។ សម្រាប់ឆ្នាំ២០១៦ ការព្យាករ កំណើនសេដ្ឋកិច្ចរំពឹងថា កម្ពុជានឹងសម្រេចបាន ក្នុងរង្វង់៧ភាគរយ។ ផសស សម្រាប់មនុស្សម្នាក់ រំពឹងនឹងទទួលបាន១,៣០១ដុល្លារអាមេរិក។ កម្ពុជា ខិតខំសម្រេច ឲ្យបាននូវគោលដៅ កាត់បន្ថយភាពក្រីក្រ ក្នុងអាត្រាជាង១ភាគរយក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៦កម្ពុជា នឹងចាកចេញផុតពីចំណាត់ថ្នាក់ពី ប្រទេសដែលមានប្រាក់ ចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប។ ជាមួយគ្នានេះកម្ពុជា បានខិតខំសម្រេចឲ្យបាននូវចក្ខុវិស័យ អភិវឌ្ឍរបស់ខ្លួន ក្លាយជាប្រទេសដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
សម្តេចបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានបន្ត អនុវត្តកម្មវិធីកំណែទម្រង់ឲ្យមានលក្ខណៈស៊ីជម្រៅរួមមាន៖ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ការកែទម្រង់វិមជ្ឈការ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ការកែទម្រង់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ជាមួយគ្នា នោះលោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះការអភិវឌ្ឍប្រទេសកម្ពុជា លើគ្រប់វិស័យ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានកត់សម្គាល់ អំពីសភាពការណ៍នយោបាយ នៅកម្ពុជា នាពេលបច្ចុប្បន្ន មានស្ថិរភាព សន្តិសុខ និងសន្តិភាពពេញលេញ ដែលជាកាលានុវត្តភាព សម្រាប់ទាក់ទាញ វិនិយោគិនបរទេស និងទេសចរណ៍ មកប្រទេសកម្ពុជា កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ៕
មតិយោបល់