ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបើកទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលម៉ូតូ២គ្រឿង បានបើកបរទាក់ដៃចង្កូតគ្នា បណ្ដាលឲ្យដួលបោកផ្ទប់ទៅលើថ្នល់ រងរបួសធ្ងន់ទាំងសងខាង ត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២ និង ៤០ នាទី រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣ ត្រង់ចំណុចក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូទាំង២គ្រឿង បើកបរធ្វើដំណើរក្នុងទិសដៅ ស្របគ្នាពីត្បូងទៅជើង ។ ដោយម៉ូតូ១គ្រឿងម៉ាកហុងដាស្កូបពី ពណ៌ខៀវ លាយស ពាក់ស្លាកលេខភ្នំពេញ 1JH-3772 ជិះដោយសិស្សសាលាម្នាក់ ចំណែកឯម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1E-6926 ជិះគ្នា២នាក់ ។

ប្រភពដដែលបានបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ម៉ូតូហុងដាស្កូពីបានវ៉ាជែង ហើយបានទាក់ដៃចង្កូតម៉ូតូ ហុងដាឌ្រីមសេ១២៥ បណ្ដាលឲ្យដួលបោកផ្ទប់ថ្នល់ទាំង២គ្រឿង ។ ពេលនោះបង្កឲ្យសិស្សសាលាម្នាក់ខាងលើ រួមនឹងអ្នកជិះម៉ូតូហុងដាឌ្រីមសេ១២៥ ម្នាក់ទៀតរងរបួសធ្ងន់ដូចគ្នា និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗ ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅធ្វើការវាស់វែង និងនាំយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកបណ្ដោះអាសន្ន រង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៀត ៕

មតិយោបល់