ព័ត៌មានជាតិ

នារីម្នាក់បើករថយន្តលឿន​ ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់សន្លប់ និងបែកក្បាលរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង០១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នារីម្នាក់ស្រវឹងជោក បើករថយន្តម៉ាក RAV4 មួយគ្រឿង ក្នុងល្បឿនលឿន ជ្រុលចង្កូតបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ សន្លប់និងបែកក្បាល រងរបួសធ្ងន់ ទីតាំងស្ថិតត្រង់ចំណុចស្តុបវត្តលង្កា តាមបណ្ដោយផ្លូវព្រះសុរាម្រឹត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញស្ត្រីម្នាក់ ស្រវឹងជោកជាំបើករថយន្តម៉ាក RAV4 ពណ៌សម្បកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2D-0107 មានបុរសម្នាក់រួមដំណើរជាមួយ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុរាម្រឹត ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ផ្លូវមានសភាពកោងបួងចង្កូតបត់មិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹង បណ្តាលឲ្យស្ត្រីជាអ្នកបើកបររថយន្តសន្លប់ និងបុរសជាអ្នករួមដំណើររងរបួសបែកក្បាល ឯរថយន្តរងការខូចខាតយ៉ាងដំណំ ។ ជនរងគ្រោះទាំងពីរនាក់ នៅក្រោយពេលកើតហេតុ ត្រូវបានសាច់ញាតិយកចេញពីកន្លែងកើតហេតុបាត់អស់ បន្សល់ទុកតែរថយន្ត ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់