ភ្នំពេញៈ កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ មានករណីជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿង តាមល្បួងលួងលោមនារីកម្មការិនីរោងចក្រម្នាក់ នាំយកទៅរំលោភបូកបានសម្រេច៣ដង នៅចំណុតវាលស្រែក្បែរវត្តជង្លុងម្លូ រួចប្លន់យកគ្រឿងអលង្ការ និងម៉ូតូជនរងគ្រោះ ជិះគេចខ្លួនបាត់ស្រមោល ទីតាំងតាមបណ្តោយផ្លូវលំ ស្ថិតក្នុងភូមិកន្ទោកខាងត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ នារីរងគ្រោះឈ្មោះ ឆ.ថ. អាយុ២៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដាប៊ីត ពាក់ស្លាកលេខភ្នំពេញ 1IF-8117 ធ្វើដំណើរចេញពីផ្ទះដែលខ្លួនបានស្នាក់នៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីមកហូបអីបន្តិចបន្តួចនៅផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចស្តុបឫស្សីផ្អែម ។ បន្ទាប់មកជនរងគ្រោះ បានជិះម៉ូតូត្រលប់ទៅផ្ទះវិញ ។ លុះពេលជិះមកដល់ត្រង់ពាក់កណ្តាលផ្លូវ ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងមកកៀកពីក្រោយ រួចមានជនសង្ស័យម្នាក់ បានហក់ឡើងទៅជិះម៉ូតូជនរងគ្រោះ ហើយបានគំរាមមិនឲ្យស្រែក ។ លុះជិះមកដល់ផ្លូវលំខាងជើងវត្តជង្លុងម្លូ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល ជនសង្ស័យទាំង៣នាក់ បាននាំជនរងគ្រោះទៅក្នុងវាលស្រែស្ងាត់មួយកន្លែង រួចធ្វើសកម្មភាព ចាប់រំលោភនាងបូកបានសម្រេចចំនួន៣ដង ។ បន្ទាប់មកជនសង្ស័យ បានដោះយកគ្រឿងអលង្ការ ខ្សែដៃ ខ្សែកមានទម្ងន់២ជី រួមទាំងទូរស័ព្ទដៃ និងម៉ូតូមួយគ្រឿងទៀតម៉ាកប៊ីត ហើយបាននាំគ្នាជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
ក្រោយពេលកើតហេតុជនរងគ្រោះ បានរត់ចេញពីវាលស្រែដែលជាកន្លែងកើតហេតុ ទាំងអាក្រាតកាយ ស្រែកឲ្យប្រជាពលរដ្ឋក្បែរនោះជួយនាង ។ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋ បានរត់មកឈូឆរទៅជួយនារីជនរងគ្រោះ រួចបានឲ្យសម្លៀកបំពាក់ដល់នាងដើម្បីស្លៀកពាក់ និងជួយទាក់ទងទៅកម្លាំងសមត្ថកិច្ច ឲ្យចុះមកអន្តរាគមន៍ ។
បន្ទាប់មកសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកដល់ យករថយន្តដឹកនារីរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ដើម្បីសាកសួរ និងឲ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ងាយស្រួលដល់កម្លាំងសមត្ថកិច្ច ស្វែងរកចាប់ខ្លួនជនសង្ស័យ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
មតិយោបល់