ព័ត៌មានជាតិ

យុវជនម្នាក់បើករថយន្តវ៉ាជែង រេចង្កូតជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ពោធិ៍សាត់: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣៥នាទី បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេច១៤៩-១៥០ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា៖ មុនពេលកើតហេតុគេឃើញមានរថយន្តពីរគ្រឿងបើកបរស្របគ្នាក្នុងទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុ រថយន្ត Ford បានបើកវ៉ាជែង រួចរេចង្កូតជ្រុលទៅបុកម៉ូតូ ធ្វើចរាចរណ៍ច្រាសទិសគ្នា បណ្តាល អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ឃើញហេតុការណ៍ប្រភពបានរាយការណ៍ជូនដើម្បីជួយអន្តរាគមន៍សម្រួលចរាចរណ៍ សង្គ្រោះជនរងគ្រោះ ។

លោកវរសេនីយ៍ទោ ត្រិញ ដុង អធិការរង នៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា៖ គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កមកពីកត្តា បើកបរវ៉ាជែង មិនប្រកាន់ស្តាំ តុល្យភាពខូចខាតរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង និងរងរបួសធ្ងន់ម្នាក់ ។ លោកអធិការរងបានបន្តថា ជនរងគ្រោះឈ្មោះ វ៉ាន់ រ៉ាវិន ភេទប្រុស អាយុ ២១ឆ្នាំ រងរបួសធ្ងន់ មានទីលំនៅភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាអ្នកបើកបរម៉ូតូម៉ាក SMASH V ពណ៌ក្រហម ពាក់ស្លាកលេខ ព្រះសីហនុ ១C.៥៦៥៩ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះ និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកឯ រថយន្តបង្កម៉ាក FORD ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ០១. ២.៨៣៣៩ អ្នកបើកបរឈ្មោះ ថន វិណា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ ខេត្តកំពត មិនរងរបួសទេ ។ ចំពោះវត្ថុតាង រថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលត្រាចជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿង និងបន្តនីតិវិធី ៕

មតិយោបល់