ព័ត៌មានជាតិ

ជនបរទេសម្នាក់ បើករថយន្តលឿនរេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យខូចខាតនិងតៃកុងរងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង៣និង០០នាទីយប់ទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ជនបរទេសម្នាក់បើករថយន្តកាមរីហាយប្រ៊ីត មួយគ្រឿង ក្នុងល្បឿនលឿន រេចង្កូតបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត និងតៃកុងរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងនឹងផ្លូវ៣៦០ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ជាជនបរទេស បើកបររថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីត ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2BI-4127 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះមកដល់ត្រង់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់ពីរកង់ ។ ចំណែករថយន្តបង្ក ខូចខាតស្ទើរទាំងស្រុង និងអ្នកបើកបររងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះទៅពិនិត្យ ដល់ទីតាំងកន្លែងកើតហេតុ ។ បន្ទាប់មកបានយករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយទៅតាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់