ភ្នំពេញៈ រថយន្តបែនមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលចង្កូតជ្រុលទៅបុករថយន្តបែនមួយគ្រឿងទៀត ក្នុងទិសដៅច្រាសគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម្នាក់របួសជើងគាបជាប់ក្នុងកាប៊ីន ចំណែកអ្នកបើកបរម្ខាងទៀតរត់គេចទៅបាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
អ្នកបើកបរដែលគាបជាប់ក្នុងកាប៊ីនឈ្មោះ ប៊ី ឃុន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ បើកបររថយន្តបែនកង់៦ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-3553 ដឹកថ្ម ទីលំនៅភូមិស្លែង ឃុំរំពេរ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរម្នាក់ទៀត ជាព្រូរថយន្ត មានឈ្មោះ ជិន ស៊ីហា ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវជាក្មួយ រស់នៅភូមិ ឃុំជាមួយគ្នា មិនមានរបួស។ ចំណែករថយន្តមួយគ្រឿងទៀត ប្រភេទបែនកង់៦ ពណ៌ស ម៉ាក MISTUBISI ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0176 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានគេចខ្លួនបាត់ ។
តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាក MISTUBISI បើកបោះពួយពីជើងទៅត្បូងក្នុងល្បឿនលឿន ដល់ចំណុចខាងលើជែងរថយន្តខាងមុខ ហើយក៏រេចង្កូតជ្រុលទៅបំណែកផ្លូវម្ខាង បុករថយន្តបែនមួយគ្រឿងទៀត បើកពីត្បូងទៅជើងច្រាសទិសគ្នា បណ្តាលឲ្យរថយន្តទាំង២គ្រឿងគាបជាប់ក្បាលគ្នា រងរបួសអ្នកបើកបរម្នាក់គាបជាប់នៅក្នុងកាប៊ីនរបួសជើង រីឯអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមសង្រ្គោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ យករថយន្ត និងឧបករណ៍ទៅវះទាញយកជនរងគ្រោះ និងដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសមៈ។ ដោយឡែករថយន្តទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចជំនាញវាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ រង់ចាំដោះស្រាយពេលក្រោយ៕
https://youtu.be/ejUxLQ_RCMg
មតិយោបល់