ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចសហការគ្នា បង្រ្កាបករណីលួចម៉ូតូ ឃាត់ខ្លួនជនសង្ស័យម្នាក់

បាត់ដំបង:​ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក នូ ជីវ័ន្ត ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២និង៤នាទីថ្ងៃត្រង់ នៅចំណុចភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ វ៉ាន់ តារា ជានាយរងការិយាល័យកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សុខ សារិន ជាអធិការ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដែលដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន ជាអធិការចុះប្រតិបត្តិការបង្ក្រាបករណីលួច (យកម៉ូតូ) ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផល រិទ្ធិ ហៅ ខ្លា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៩និង១០នាទី នៅចំណុចក្រុមទី០១ ភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាពចូលលួចយកម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០២២ លេខតួ-ម៉ាស៊ីន6206406 ពាក់ស្លាកលេខ កំពង់ចាម 1AB-7749 ដែលជារបស់ជនរងគ្រោះឈ្មោះ ឆុន រីមឆេង ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិគឹងណាយ ឃុំគឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បច្ចុប្បន្នមកស្នាក់នៅបណ្តោះអាសន្នភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង រួចជិះរត់គេចខ្លួនទៅក្រុងប៉ោយប៉ែតបាត់រហូតដល់ថ្ងៃខែឆ្នាំខាងលើ ទើបកម្លាំងសហការគ្នាឃាត់ខ្លួនជនសង្ស័យបាន។

វត្ថុតាងដកហូតរួមមាន៖
-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខ ១គ្រឿង។
-ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ គ្មានស្លាកលេខ ១គ្រឿង(ជារបស់ជនរងគ្រោះ)។

បច្ចុប្បន្ន ការិយាល័យជំនាញ កំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់