ព័ត៌មានជាតិ

នារីម្នាក់បើករថយន្ត KIA បុករថយន្ត FORD RANGER ខ្ទាតទៅផ្ទប់និងបង្គោលភ្លើង រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ២គ្រឿង បុកគ្នាពេញទំហឹង ស្ថិតតាមបណ្តោយផ្លូវ៥៩៦ កែងនិងផ្លូវ៣២៧ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក KIA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BK-0360 បើកបរដោយនារីម្នាក់។
រថយន្តម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-8744 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបម៉ាក Fordranger តាមបណ្តោយផ្លូវ៥៩៦ ពីត្បូងមកជើងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើ បានបើកឆ្លងផ្លូវ ពេលបើកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញនារីម្នាក់ បានបើករថយន្តបង្កម៉ាក KIA តាមបណ្តោយផ្លូវ៣២៧ ពីលិចមកកើតក្នុងល្បឿនលឿន ខណ:ពេលដល់ផ្លូវបំបែកជាបួន ត្រង់ចំណុចកើតហេតុមិនបង្អង់ក៏ជ្រុល ទៅបុករថយន្តស៊េរីទំនើបម៉ាក Fordranger ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យប៉ើងទៅមុខជាច្រើនម៉ែត្រ ខ្ទាតទៅផ្ទប់និងបង្គោលភ្លើងរងការខូចខាតយ៉ាងដំណំ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង យកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់