ព័ត៌មានជាតិ

អ្នកដើររើសអេតចាយម្នាក់ ឃើញជនរងគ្រោះចតម៉ូតូមិនបានដកសោចេញ ឡើងជិះគេចខ្លួនត្រូវសមត្ថកិច្ចតាមឃាត់បាន

ភ្នំពេញ: ជនសង្ស័យម្នាក់ ឈ្មោះ ឆាង សុភ័ក្រ្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំណេង ស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចម្ការមន សហការគ្នាឃាត់ខ្លួនបាននៅចំណុច ផ្លូវព្រះមុនីវង្ស ជិតក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់បឹងត្របែក ខណ្ឌចម្ការមន កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ និងបានចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាក Suzuki Nex ស៊េរីឆ្នាំ២០១៤ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1CO-4702 ប្រគល់ជូនម្ចាស់ដើមវិញផងដែរ ។

តាមវិធានការជំនាញជនសង្ស័យ ឆាង សុភ័ក្ត្រ ព្រមសារភាពថា កាលពីម៉ោង១០និង៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២
ខ្លួនដើររើសអេតចាយ មកដល់ចំណុចហាងមី យីហោ មី៣១០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី០១ ខណ្ឌបឹងកេងកង បានឃើញជនរងគ្រោះចតម៉ូតូ ដោយមិនបានដកសោចេញ ដោយឃើញឱកាសល្អ ខ្លួនក៏បានធ្វើសកម្មភាព ឡើងជិះម៉ូតូនោះរត់គេចខ្លួន ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថ តាមចាប់ខ្លួនបានតែម្តង ។

ជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់