ព័ត៌មានជាតិ

កូនកំពុងតែរត់លេងទឹកភ្លៀងយ៉ាងសប្បាយ ម្តាយហៅមកហូបនំ ស្រាប់តែកើតរឿងនេះ…

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ក្មេងប្រុសម្នាក់អាយុ ១១ឆ្នាំ បានបាត់បង់ជីវិត ខណ:អោបសរសរដែកដែលមានឆ្លងចរន្តអគ្គីសនី បណ្តាលឲ្យឆក់។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ០៥ល្ងាច នៅភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ក្មេងប្រុសរងគ្រោះឈ្មោះ នឿត ចំណាន អាយុ ១១ឆ្នាំមានឱពុកឈ្មោះ នឿត សុណា អាយុ ៣៧ឆ្នាំនិងម្ដាយឈ្មោះ ទិត គិមរ៉ា អាយុ៣៥ឆ្នាំ នៅភូមិថ្មី ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

នគរបាលបានបន្តថា៖ តាមការបំភ្លឺរបស់ម្ដាយក្មេងរងគ្រោះបានប្រាប់យើងឲ្យដឹងថា កូនប្រុសរបស់គាត់ជាមនុស្សមានសតិមិនប្រក្រតីតាំងពីកំណើតមកម្ល៉េះ។ នៅមុនពេលកើតហេតុថ្ងៃទី១១​ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល៥ល្ងាច មានភ្លៀងរលឹមតិចៗ កូនរបស់គាត់បានរត់លេងទឹកភ្លៀង មួយសន្ទុះក្រោយមកក៏មានអ្នកយកនំមកលក់ ហើយគាត់ក៏ទិញទុកឲ្យកូន​ ចំណែកគាត់អង្គុយចាក់សំណាញ់នៅលើគ្រែមុខជណ្ដើរផ្ទះ ហើយបានហៅកូនឲ្យឈប់លេងទឹកភ្លៀង និងញ៉ាំនំពេលនោះកូនគាត់បានដើរចូលក្រោមសំយ៉ាបដែលមានសសរដែក ហើយកូនគាត់បានដើរទៅអោបសសរដែកនោះ ស្រាប់តែឆក់ដួលទៅនិងដីក្បែរសសរដែកនោះតែម្ដង ឃើញកូនដួលស្មានថាកូនដើរដួលក៏ដើរទៅលើកស្រាប់រឹងខ្លួនអស់ទៅហើយ រួចគាត់ក៏យកដៃទៅប៉ះនិងសសរដែកនោះក៏ឆក់ដែរទើបដឹងថាសសរដែកនោះឆ្លងចរន្តអគ្គិសនីឆក់កូនគាត់ស្លាប់ ។
ក្រោយមកមានមនុស្សទៅជួយមើលហើយក៏រកមើលខ្សែភ្លើងនោះទើបដឹងថា ខ្សែភ្លើងនោះដាច់នៅលើដំបូលសំយាបផ្ទះទើបបានឆ្លងចរន្តអគ្គិសនីដូច្នេះ ។ ចំពោះការស្លាប់របស់កូនគាត់ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងដាច់ធ្លាក់មកលើសំយ៉ាបផ្ទះបណ្តាលឲ្យឆ្លងមកសសរដែកមុខផ្ទះ ។

សពក្មេងរង្រ្គោះបានប្រគល់ជូនឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់ពីអាជ្ញាធរឃុំ ប្រធានមណ្ឌលសុខភាពឃុំទឹកជោរ នគរបាលប៉ុស្តិ៍ទឹកជោរ អនុភូមិថ្មី ធ្វើកោសល្យវិច្ច័យត្រួតពិនិត្យសពរួច ៕

មតិយោបល់