កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចរោងចាំចម្ការទុកចោល ខាងក្រោយភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនសង្ស័យ០២នាក់(ឃាត់ខ្លួន)៖ ១-ឈ្មោះ ផូ ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ កសិករ ។ ២-ឈ្មោះ ថូ អាត ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ ។
វត្ថុតាងចាប់យករួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក (Ice) ចំនួន០៧កញ្ចប់ ទម្ងន់១,៨៧g (មួយក្បៀសប៉ែតសិបប្រាំពីរក្រាម)។
២-ទូរស័ព្ទដៃម៉ាកអិនចុចពិល០១គ្រឿង ។
៣-សម្ភារៈកែច្នៃសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
នៅថ្ងៃកើតហេតុ ដោយមានការបញ្ជារបស់លោកវរៈសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុក កម្លាំងសមត្ថកិច្ចនគរបាលផ្នែកជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកោះធំ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល
ព្រែកស្ដី កម្លាំងប្រជាការពារភូមិ បានចុះធ្វើការបង្ក្រាបមុខសញ្ញាលក់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម នៅចំណុចរោងចាំចម្ការទុកចោល០១កន្លែង ស្ថិតនៅភូមិ-ឃុំកើតហេតុ ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ប្ដីប្រពន្ធ រួចបានដកហូតវត្ថុតាង ដែលជនសង្ស័យទាំង០២នាក់ បានលាក់វាទុកនៅទីនោះ ។
តាមចម្លើយសារភាព របស់ជនសង្ស័យទាំង០២នាក់ ប្ដីប្រពន្ធខាងលើ បានឆ្លើយសារភាពថាៈ ថ្នាំញៀន ខាងលើនេះ គឺពិតជារបស់ពួកខ្លួន បានទិញពីមនុស្សប្រុសលក់ថ្នាំញៀនម្នាក់ពុំស្គាល់ឈ្មោះ ជនជាតិខ្មែរ ក្នុងតម្លៃ៥០ម៉ឺនរៀល សម្រាប់យកមកទុកលក់បន្តឱ្យគេ ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់