ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តដឹកថ្មលឿន រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យម្ចាស់ភ័យព្រលឹងចុងសក់

កណ្តាល: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ មានករណីរថយន្តដឹកថ្មធុនធំមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-2777 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងការខូចខាត ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្កាល ។

ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកថ្មធុនធំមួយគ្រឿង ពាក់ស្លាកលេខកំពង់ស្ពឺ 3A-2777 បើកបរដោយ បុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១ ក្នុងល្បឿនយ៉ាងលឿន ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ រេចង្កូតជ្រុលទៅបុកចូលផ្ទះបងប្អូនប្រជាពលរដ្ឋ បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងរងការខូចខាត ។ ក្នុងហេតុការណ៍នេះ មិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ គឺខូចខាតរួមមាន៖ បង្គោលភ្លើងរបស់រដ្ឋ, តូបលក់កាហ្វេ និងផ្ទះបងប្អូនប្រជាពលរដ្ឋ ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅដល់ទីតាំងកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនតៃកុងរថយន្តបានភ្លាមៗ នាំទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើការសាកសួរទៅតាមនីតិវិធី ។ ចំពោះដំណោះស្រាយយ៉ាងណានោះ ក្រុមការងារ Post News យើងខ្ញុំមិន​ទាន់ដឹងច្បាស់នោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់