ព័ត៌មានជាតិ

ផ្អើលរត់ជាន់គ្នា ក្នុងហាងផឹកស៊ីមួយកន្លែង ករណីមុខសញ្ញាកាច់សោ.កម៉ូតូ ដកកាំភ្លើងបាញ់តដៃជាមួយកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ

ភ្នំពេញ: នាវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ស្ថិតនៅហាងផឹកស៊ីយីហោ ចែ លី ខាងក្រោយផ្សារទំនើបមីតថោន តាមបណ្ដោយផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ បានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ មុនពេលកើតហេតុមានជនសង្ស័យ ២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JA-8054 ទៅធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូមួយគ្រឿងម៉ាក ADV ក្នុងស្ថានីយប្រេងឥន្ធន:តូតាល់ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ជូនកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ហើយកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ក៏បានចុះធ្វើការអន្តរាគមន៍ និងឆែកមើលកាមេរ៉ាសុវត្ថិភាព រហូតធ្វើការកំណត់មុខសញ្ញាជនសង្ស័យបាន។

ប្រភពដដែលបន្តថា លុះដល់វេលាកើតហេតុកម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ក៏បានធ្វើការជិះល្បាតក្នុងភូមិសាស្ត្រ រហូតមកដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញម៉ូតូរបស់ជនសង្ស័យ ដែលជិះធ្វើសកម្មភាពឈប់ចតនៅលើផ្លូវ ដោយយកអាវភ្លៀវដាក់ក្របបាំងពីលើស្លាកលេខម៉ូតូ ខណ:ពេលនោះដោយឃើញម៉ូតូនោះដូចទៅក្នុងភិនភាគ ដែលបានកំណត់កម្លាំងកងរាជអាវុធហ្ថតខណ្ឌសែនសុខ ក៏បានជិះម៉ូតូចូលទៅក្បែរម៉ូតូនោះដើម្បីធ្វើការត្រួតពិនិត្យ។ រំពេចនោះដោយជនសង្ស័យបានដឹងខ្លួនមុនក៏មានជនសង្ស័យម្នាក់ បានរត់ចេញពីក្នុងហាងផឹកស៊ីសំដៅមកឡើងជិះម៉ូតូនោះ តែក៏ត្រូវបានកម្លាំងកងរាជអាវុធហ្ថតស្រែកឲ្យឈប់ៗ បន្ទាប់មកជនសង្ស័យក៏បានស្ទុះចុះពីលើម៉ូតូ ហើយបានដកកាំភ្លើងខ្លីមួយដើមបាញ់សំដៅទៅលើកម្លាំងកងរាជអាវុធហ្ថតចំនួន ២គ្រាប់តែមិនត្រូវ។ ហើយកម្លាំងកងរាជអាវុធហ្ថតក៏បានបាញ់តបតទៅវិញ ធ្វើឲ្យភ្ញៀវដែលនៅក្នុងហាងនោះភ័យស្លន់ស្លោរត់ផ្អើលឆោឡោ ខណ:ពេលនោះជនសង្ស័យក៏ព្យាយាមរំដោះខ្លួនរត់គេចចេញពីកន្លែងហេតុបាត់ស្រមោលតែម្ដង ដោយបន្សល់ទុកម៉ូតូមួយគ្រឿងរបស់ជនសង្ស័យនៅត្រង់ចំណុចកើតហេតុ។

ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហ្ថត ក៏បានប្រមូលវត្ថុតាំងដែលបន្សល់ទុកពីជនសង្ស័យ និងបាននាំបុរសជាភ្ញៀវដែលផឹកស៊ីនៅខាងក្នុងហាងចំនួន ៣នាក់ក្នុងចំណោមភ្ញៀវជាច្រើននាក់ ដោយនាំយកទៅកាន់កងរាជអាវុធហ្ថតខណ្ឌសែនសុខដើម្បីធ្វើសាកសួរ ហើយបន្ទាប់ពីធ្វើការសាកសួរ ដោយមិនឃើញមានជាប់ពាក់ព័ន្ធអ្វីនិងជនសង្ស័យ កម្លាំងកងរាជអាវុធហ្ថតក៏បានដោះលែងបុរសទាំង ៣នាក់នោះឲ្យប្រឡប់ទៅផ្ទះវិញ៕

មតិយោបល់