ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត Lexus បុកម៉ូតូឃ្លិចមួយគ្រឿង បណ្តាលឲ្យរងរបួសម្នាក់ ហើយបើករត់គេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្ត Lexus RX400h មួយគ្រឿង បត់ឆ្វេងបុកម៉ូតូឃ្លីកមួយគ្រឿង ហើយបើករត់គេចពីកន្លែងកើតហេតុ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ត្រង់ចំណុចស្តុបវត្តនាគវ័ន្ត ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវលេខ១៣២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឃ្លិក ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 1AB-9639 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុម៉ូតូបានជិះឆ្លងកាត់ផ្លូវ១៣២ ពេលនោះមានរថយន្តមួយគ្រឿងម៉ាក Lexus RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ-6481 បើកបរដោយបុរស ម្នាក់ក្នុងស្ថានភាពស្រវឹង តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន រួចបានបត់ឆ្វេងទៅផ្លូវ១៣២ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងអូស៣០ម៉ែត្ររងការខូចខាត ឯអ្នកបើកបរម៉ូតូរងរបួស ចំណែករថយន្តបានបើកគេចចេញពីកន្លែងកើតហេតុ ត្រូវសមត្ថកិច្ចកំពុងល្បាតឃើញជិះដេញចាប់ឃាត់បាន ។

នៅក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែងយកវត្ថុតាង និងអ្នកបើកបរនាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ ៕

មតិយោបល់