ព័ត៌មានជាតិ

ពលរដ្ឋសំណូមពរដល់រថយន្តសាមុយចេញឲ្យបានលឿនផង! សម្រែកយំប្រពន្ធហៅប្ដី ដួលសន្លប់បាត់ស្មារតីបែកពពុះមាត់លើរ៉ឺម៉ក ក្រោយមកក៏បានស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា

ភ្នំពេញៈ (ព័ត៌មានបឋម) ប្រជាពលរដ្ឋសំណូមពរទៅដល់ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយមើលខាងអ្នកបើកបររថយន្តសាមុយ ដែលមកដឹកយកជនរងគ្រោះទៅសង្រ្គោះផង ព្រោះថាមានការយឺតយ៉ាវខ្លាំងណាស់ ជាក់ស្ដែងនៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ មានករណីបុរសម្នាក់កំពុងបើកម៉ូតូរ៉ឺម៉កសុខៗ ក៏ឈប់ចតដោយមានអាការៈមិនស្រួលខ្លួនផង ក៏បានដួលសន្លប់បាត់ស្មារតីបែកពពុះមាត់លើរ៉ឺម៉ក ក្រោយមកក៏បានស្លាប់ បន្សល់ទុកកូន ២នាក់ឲ្យកំព្រា ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ ករណីខាងលើនេះ សមត្ថកិច្ចរួមទាំងពលរដ្ឋដែលនៅកន្លែងកើតហេតុ បានធ្វើការទំនាក់ទំនងទៅរថយន្តសាមុយជាច្រើនលើកជាច្រើនសា និងយូររាប់ម៉ោងទម្រាំឃើញមានរថយន្តសាមុយមកដល់ទីតាំងកើតហេតុ តែជាអកុសលជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ។ បន្ទាប់មកឃើញមានភរិយារបស់ជនរងគ្រោះមកដល់ ស្រែកទ្រហោយំ និងពោលពាក្យយ៉ាងក្ដុកក្ដួលថា «បើមិនស្រួលមកធ្វើអី» រួចសមត្ថកិច្ចក៏ធ្វើកំណត់ហេតុ ប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីតែម្ដង៕

មតិយោបល់