បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦និង៣០នាទី លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគារ បានដឹកនាំកម្លាំងធ្វើការឃាត់ខ្លួនក្មេងទំនើងចំនួន០២ក្រុម ដែលបង្កភាពអនាធិតេយ្យនៅក្នុងសាលាអនុវិទ្យាល័យតាណាក ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ។
លោកអធិការនគរបាលស្រុកមោងឫស្សី បានរាយការណ៍អោយដឹងថា ក្រុមទី១មានចំនួន០៤នាក់ និងក្រុមទី២ មានចំនួន០៤នាក់ដូចគ្នា ។ ក្មេងទំនើងទាំង២ក្រុមខាងលើបានធ្វើសកម្មភាពអុកឡុកដេញវាយគ្នាទៅវិញទៅមក បង្កភាពចលាចលក្នុងសាលាអនុវិទ្យាល័យតាណាក ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ។
បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចបាននាំខ្លួនក្មេងទំនើងទាំង៨នាក់ខាងលើ ទៅអធិការដ្ឋាននគរបាលស្រុកធ្វើកិច្ចសន្យា និងអប់រំអោយបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតអោយអាណាព្យាបាលមកធានាយកត្រឡប់ទៅសហគមន៍វិញដើម្បីអប់រំបន្ត ៕

មតិយោបល់