ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារ! កូនកាប់ឪពុក១ពូថៅ ត្រូវចំកំភួនដៃខាងឆ្វេង បណ្ដាលឲ្យរងរបួសជាទម្ងន់

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃអង្គារ៍១១រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង៦និង៣៥នាទីព្រឹក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះបង្ក្រាបករណីហិង្សាក្នុងគ្រួសារ កូនយកពូថៅកាប់មកលើឪពុកចំនួន០១ពូថៅចំត្រង់កំភួនដៃខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងនៅចំណុចត្របែកខ្ទូង ស្ថិតនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហាឆ្នាំ២០២២វេលាម៉ោង៨និង១៥នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះជាឪពុកឈ្មោះ គីម គុណភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ថាមានករណីហិង្សាក្នុងគ្រួសារ(កូនកាប់ឪពុកនិងពូថៅ)ក្រោយទទួលពាក្យបណ្ដឹងរួចកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក សុង សេរីវុធ ឋាន:នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យស្រាវជ្រាវ នឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោដើម្បីធ្វើការសួរនាំ ជនបង្ករមានឈ្មោះ គុណ សំណាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើនិងវត្ថុតាងរួមមាន៖ ពូថៅដៃចំនួន០១ កាំភ្លើងកែឆ្នៃ(កាំភ្លើងខ្យល់)ចំនួន០១ដើម។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ ថាខ្លួនពិតជាបានយកពូថៅកាប់ទៅលើឪពុកឈ្មោះ គឹម គុណ មែនដោយសារខឹងឪពុកឲ្យទៅច្រូតស្មៅគោ ខ្លួនមិនទៅ ហើយឪពុកខឹងយករំពាត់វាយមកលើខ្លួនកំពុងតែដេក ពេលនោះខ្លួនបានក្រោកស្ទុះយកពូថៅកាប់ទៅលើឪពុកតែម្តង ជនសង្ស័យបានសារភាពថាកន្លងមកខ្លួនបានប្រើប្រាស់គ្រឿងញៀនជាមួយមិត្តភ័ក្រ្តនៅភ្នំពេញ។ជនសង្ស័យខាងលើត្រូវបានអាណាព្យាបាលសំណូមពរឲ្យផ្តន្ទាទោសតាមច្បាប់។ចំពោះជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពតាលោ។

របាយការណ៍បានបន្តទៀតថាដោយមានការអនុញ្ញាតពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់តាមរយ:លេខទូរស័ព្ទ 088 9697168 ឲ្យធ្វើការឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងដើម្បីកសាងសំណុំរឿង បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់តាមនីតិវិធី៕

មតិយោបល់