ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប Lexus LX ៥៧០ និងម៉ូតូឌ្រីមសង់ បណ្តាលឲ្យបុរសម្នាក់សង្ស័យបាក់ជើង រងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើបម៉ាក Lexus LX ៥៧០ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខកណ្តាល2C-1890 និងម៉ូតូឌ្រីមសង់១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1Q-7883 បណ្តាលឲ្យបុរសម្នាក់ សង្ស័យបាក់ជើង រងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្តោយផ្លូវ២១៧ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបខាងលើនោះ បើកបរធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ បើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ។ ខណ:កំពុងតែធ្វើដំណើរ មកដល់ត្រង់ចំណុចកើតហេតុ ពេលនោះក៏ស្រាប់តែមានម៉ូតូឌ្រីម សង់១គ្រឿងពណ៌ខ្មៅ ជិះដោយបុរសម្នាក់ បណ្តាលឲ្យបុកគ្នាពេញទំហឹងលាន់ដូចរន្ទះ ។ ចំណែកឯម៉ូតូបានគាបជាប់នឹងរថយន្ត ។ ករណីនេះបណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ សង្ស័យបាក់ជើង នៅក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តដឹកបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

នៅក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅអន្តរាគមន៍ ដល់ទីតាំងកន្លែង កើតហេតុ ។ បន្ទាប់មកបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយ ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា ខាងណាជាអ្នកខុសនោះទេ ដោយពុំទាន់មានប្រភពព័ត៌មានបញ្ជាក់ប្រាប់ច្បាស់ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់