ព័ត៌មានជាតិ

ជិះម៉ូតូឌុបគ្នាលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តព្រូស បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: យុវជន ២នាក់ រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយូតាព្រូស បើកបត់បញ្រ្ចាសផ្លូវចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវ២១៥ ត្រង់ចំណុចទល់និងផ្សារដេប៉ូ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់ បានបើករថយន្តម៉ាក តូយូតាព្រូស ពណ៌ផ្ទៃមេឃ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BM-0411បើកបរតាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើទល់មុខនិងផ្សារដេប៉ូ បានបត់ឆ្វេងបញ្រ្ចាសទិសបម្រុង និងឆ្លងចូលទៅផ្លូវម្ខាងទៀត ខណ:ឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែគេឃើញយុវជនរងគ្រោះ ២នាក់ ជិះម៉ូតូម៉ាក zoomerx ពណ៌ក្រហមលាយខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1HI-0394 ជិះឌុបគ្នាតាមបណ្តោយផ្លូវ២១៥ ទិសដៅបញ្រ្ចាសគ្នាពីត្បូងមកជើងក្នុងល្បឿនលឿនជាន់ហ្រ្វាំងមិនទាន់ ក៏ជ្រុលទៅបុកចំពីមុខរថយន្តតូយូតាព្រូយ៉ាងពេញទំហឹង ប៉ើងអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯនារីបើករថយន្ត ត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូចមកស្ទូចយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់