ព័ត៌មានជាតិ

បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីទំនើបម៉ាក JEEP WRANGLER បុកម៉ូតូកំពុងឈប់ចាំស្ដុបពីក្រោយ បណ្ដាលឲ្យរងរបួស ២នាក់

ភ្នំពេញៈ នាវេលាម៉ោង ១០និង៤០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ សង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបបុកម៉ូតូពីក្រោយ ២គ្រឿង ដែលកំពុងឈប់ចាំស្ដុប បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួស ស្ថិតនៅស្តុបត្រឡោកបែក តាមបណ្ដោយផ្លូវ៣១៥កែងនិងផ្លូវ៥៩៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា អាយខន ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1AO-3224 និងស្ត្រីម្នាក់ទៀតបើកបរម៉ូតូម៉ាក ហុងដា អាយខន ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1BQ-3484។ ដោយម៉ូតូ ២គ្រឿងខាងលើ បានធ្វើដំណើរតាមបណ្ដោយផ្លូវ៣១៥ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានឈប់ចាំស្ដុប ខណៈពេលកំពុងឈប់រង់ចាំនោះ ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាក JEEP WRANGLER ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BP-7898 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ស្របទិសគ្នាក៏បានជ្រុលបុកពីក្រោយម៉ូតូទាំង ២គ្រឿង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងមនុស្សរងរបួសសន្លប់ស្ដូក ត្រូវសាច់ញាតិដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះមកដល់ទីតាំងធ្វើការវាស់វែងយកម៉ូតូទាំង ២គ្រឿង និងរថយន្តរួមទាំងអ្នកបើកបរ នាំទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់