ព័ត៌មានជាតិ

អាសូរណាស់! ពីរនាក់ឪពុកកូនជិះម៉ូតូត្រឡប់មកពីលេងម្ដាយ និងយាយវិញ ត្រូវរថយន្តបុក បណ្ដាលឲ្យកូនស្លាប់ ឪពុករងរបួសធ្ងន់

កណ្ដាលៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៧និង៥០នាទីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ មានករណីរថយន្តព្រូសបុកគ្នាជាមួយម៉ូតូ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាថ្នាក់ទី១ អាយុ ៦ឆ្នាំ ស្លាប់ ចំណែកឪពុករងរបួសធ្ងន់បាក់ជើង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ម្តុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដំណើររឿង៖ យោងតាមការរៀបរាប់របស់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានបើកបរម៉ូតូទៅលេងម្ដាយ ដោយហេតុថា ខានទៅលេងគាត់យូរ ប៉ុន្តែអកុសលពេលត្រឡប់មកផ្ទះវិញ ខណៈកំពុងធ្វើដំណើរតាមផ្លូវ ត្រូវរថយន្តបុកម៉ូតូ បណ្ដាលឲ្យឪពុកបាក់ជើង និងកូនស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សា ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំពោះសពក្មេងរងគ្រោះ ត្រូវសាច់ញាតិដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណីនៅផ្ទះ៕

មតិយោបល់