ព័ត៌មានជាតិ

រថយន្តដឹកដែកបុករថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ឆ្លងផ្លូវ រងការខូចខាតទាំងសងខាង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តដឹកដែក ១គ្រឿង ខណ:កំពុងបើកបរក្នុងល្បឿនលឿនគួរសមដែរ ស្រាប់តែវាក់អឺជាមួយរថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ ១គ្រឿងទៀត ដែលកំពុងបើកបរឆ្លងផ្លូវ ហើយជាន់ហ្រ្វាំងឈប់ក៏អត់ទាន់ និងគេចចេញក៏ពុំទាន់ បានបុកគ្នាផ្នែកខាងក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង ប៉ុន្តែសំណាងល្អពុំបណ្ដាលឲ្យអ្នកបើកររថយន្តទាំង ២គ្រឿងនេះរងរបួសនោះឡើយ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ តាមផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3367 បើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសមដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តស៊ីទែនដឹកស៊ីម៉ង់ត៍ ១គ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-7142 បើកបរឆ្លងផ្លូវពីលិចទៅកើតកាត់ចំពីមុខ។

ប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា ខណ:នោះជាហេតុធ្វើឲ្យរថយន្តដឹកដែកវាក់អឺជាន់ហ្រ្វាំងឈប់ក៏អត់ទាន់ និងគេចចេញក៏ពុំទាន់ក៏បានបុកផ្នែកខាងក្រោយ បណ្ដាលឲ្យរងការខូចខាតទាំងសងខាងតែម្ដង។ ប៉ុន្តែសំណាងល្អពុំបានបណ្ដាលឲ្យអ្នកបើកររថយន្តទាំង ២គ្រឿងនេះ រងរបួសនោះឡើយ ហើយក្រោយពេលកើតហេតុនគរបាល បានចុះទៅពិនិត្យជាក់ស្ដែងរួចឲ្យភាគីទាំង២ សម្របសម្រួលគ្នាបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់