ភ្នំពេញៈ ចាប់តាំងពីបានត្រលប់មកកាន់ប្រទេសកម្ពុជាកាលពីចុងឆ្នាំ២០១៥ តារាកំប្លែងល្បីឈ្មោះអ្នកនាងស៊ុន ណារីម៉ូនីកា បានប្រកាសយ៉ាងក្ដែងៗថាអ្នកនាងនឹងរស់នៅជាប់លាប់នៅក្នុងប្រទេសកម្ពុជា ដោយលែងបាននឹកនាំពីគម្រោងឡើងទៅរស់នៅប្រទេសបារាំងជាថ្មីវិញហើយ បើទោះជាប្រទេសដែលស្ថិតនៅលើទ្វីបអឺរ៉ុបនោះមានភាពរីកចំរើនជឿនលឿនក៏ដោយ។ អ្នកនាងប្រកាសស្រវាស្រទិញការងារសិល្បៈឲ្យខ្លាំងដូចដើម មិនថាលើឆាក និងសកម្មភាពសិល្បៈក្រៅឆាក។
អ្នកនាងស៊ុន ណារីម៉ូនីកា បានអះអាងថាអ្នកនាងនៅតែមើលឃើញពីតម្លៃនៃសិល្បៈខ្មែរក្រោយពេលបាត់មុខ បន្ទាប់ពីមើលឃើញថាស្ថានភាពសិល្បៈនៅក្នុងប្រទេសមានការរីកចំរើនខុសគ្នាដាច់ឆ្ងាយកាលពីជំនាន់អ្នកនាងល្បីខ្លាំង។ អ្នកនាងបានចេញទៅច្រៀងរាំ និងរស់នៅប្រទេសបារាំងអស់រយៈពេលច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថានភាពរស់នៅទីនោះ ហាក់មិនធ្វើឲ្យអ្នកនាងជក់ចិត្តដូចគ្នានឹងការត្រលប់មកកាន់ទឹកដីកំណើតទាល់តែសោះ ទើបគ្រាន់តែបានមកដល់ដីកំណើតក៏ប្រកាសទទួលលេងកម្មវិធី Apsara Award តាំងពីដើម២០១៦ ដើម្បីឲ្យបានលេចធ្លោនៅក្នុងពិភពសិល្បៈ។
អ្នកនាងប្រាប់ថាក្នុងឆ្នាំ២០១៦នេះ កុំថាឡើងគម្រោងចេញទៅរស់នៅប្រទេសបារាំងដូចមុន គឺសូម្បីតែគម្រោងឡើងទៅសម្ដែងក្នុងរយៈពេលត្រឹមប៉ុន្មានសប្ដាហ៍ ក៏មិនអាចធ្វើបាននោះដែរ ដោយសារតែអ្នកនាងនៅជាប់កុងត្រាជាមួយកម្មវិធី Apsara Award និងជាប់ទទួលការងារឲ្យរដឹកផ្សេងទៀតជាមួយម្ចាស់កម្មវិធី មិនថាទូរទស្សន៍ និងក្រៅឆាក។ អ្នកនាងនិយាយថា«បងអត់ទាន់គិតរឿងទៅបារាំងអីកើតទេ បើជាប់កុងត្រាកម្មវិធីគេគ្រប់កន្លែងចឹង ប៉ុន្តែបើចប់កម្មវិធី Apsara Award គឺអាចចេញខ្លះ!»។
យ៉ាងណាមិញ អ្នកនាងប្រាប់ថាខ្លួនគ្មានបំណងបាត់មុខពីអាជីពសិល្បៈក្នុងស្រុក ហើយហើរទៅកាន់ក្រៅស្រុកដូចមុនទៀតនោះទេ ដោយសារតែអ្នកនាងចង់សាងកេរ្តិ៍ឈ្មោះនៅក្នុងប្រទេសកំណើតឲ្យបានដូចដើម។ អ្នកនាងថាអ្នកនាងនឹងចេញកំប្លែង ឡើងកម្មវិធី ទូរទស្សន៍ និងទទួលសម្ដែងឲ្យខ្លាំងដូចមុន ដើម្បីឲ្យកេរ្តិ៍ឈ្មោះរះត្រដែត បើទោះជាវ័យរបស់អ្នកនាងអាចថាចាញ់ប្រៀបតារាជំនាន់ក្រោយនោះក៏ដោយ។ អ្នកនាងប្រកាសលុបចោលគម្រោងបើជំនួញតាមរយៈផែនការនាំទំនិញពីបារាំងមកលក់នៅស្រុកខ្មែរ និងគម្រោងធ្វើច្បាប់រត់ការយកជនជាតិខ្មែរទៅរស់នៅប្រទេសបារាំង តាមរយៈអាពាហ៍ពិពាហ៍ ដោយសារតែចង់ក្ដោបក្ដាប់ការងារសិល្បៈឲ្យល្បីក្នុងស្រទាប់មហាជន៕
មតិយោបល់