
ជាងមួយ ឆ្នាំក្រោយទៅហើយ កិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បានជាប់គាំង ប្រទេសមហាអំណាចទាំង៦ (អាមេរិកបារាំង រុស្ស៊ី ចិន អង់គ្លេស និងអាល្លឺម៉ង់) បានត្រលប់ចូលមកចរចាជាថ្មី ជាមួយអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅនេះ នៅទីក្រុងអ៊ីស្តង់ប៊ូល ក្នុងប្រទេសតួកគី។ ប្រទេសលោកខាងលិច ជាពិសេសអាមេរិកជឿថា អ៊ីរ៉ង់កំពុងចម្រើនធាតុអ៊ុយរ៉ានីញូមក្នុងកម្រិតខ្ពស់ដើម្បីយកទៅផលិត អាវុធនុយក្លេអ៊ែរ។ ការចោទប្រកាន់ដែល ទីក្រុងតេអេរ៉ង់ បានបដិសេធ ដោយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើឡើងក្នុងប្រយោជន៍ស៊ីវិល គឺដើម្បីផលិតអគ្គិសនីតែប៉ុណ្ណោះ។
កច្ចចរចាពិភាក្សារវាងក្រុមប្រទេស៥ + ១ ជាមួយអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ មានជាលើកចុងក្រោយ នៅខែមករា កាលពីឆ្នាំ ២០១១នៅក្នុងប្រទេសតួកគី។ ប៉ុន្តែ ការចរចានោះត្រូវបានបរាជ័យ ដោយសារគូភាគីនៅតែមិនយល់ស្របគ្នា ជាពិសេសនៅលើការចម្រើនធាតុអ៊ុយរ៉ានីញូម។
ការចម្រើនធាតុអ៊ុយរ៉ានីញូម របស់អ៊ីរ៉ង់ក្នុងកម្រិតខ្ពស់ ជាប្រធានបទក្តៅដែលគេនឹងត្រូវលើកយកមកនិយាយជាថ្មី នៅក្នុងកិច្ចចរចា នៅថ្ងៃនេះ។ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កាសែតអាមេរិកបានសរសេរចុះផ្សាយថា ប្រទេសលោកខាងលិចចង់ទាមទារអ៊ីរ៉ង់ឲ្យបញ្ឈប់ការចម្រើនធាតុ អ៊ុយរ៉ានីញូម ក្នុងកម្រិត២០ភាគរយ និងបញ្ជូនចំនួនអ៊ុយរ៉ានីញូម ១១០គីឡូក្រាម ដែលបានចម្រើនរួចហើយ ក្នុងកម្រិតនេះ ទៅបរទេស។ ម្យ៉ាងវិញទៀត ប្រទេសលោកខាងលិចង់ទាមទារឲ្យអ៊ីរ៉ង់បិទរោងចក្រក្រោមដី Fordo ដែលអ៊ីរ៉ង់កំពុងប្រើដើម្បីចម្រើនធាតុអ៊ុយរ៉ានីញូម។
ដោយពិតទៅ ធាតុអ៊ុយរ៉ានីញូមដែល ត្រូវចម្រើន ចាប់ពី៣ភាគរយ អាចឲ្យអ៊ីរ៉ង់យកទៅប្រើក្នុងកម្មវិធីនុយក្លេអ៊ែរ ដើម្បីផលិតអគ្គិសនី ប៉ុន្តែ បើអ៊ីរ៉ង់នៅបន្ត នោះប្រទេសលោកខាងលិចជឿថា អ៊ីរ៉ង់នឹងអាចចម្រើនធាតុអ៊ុយរ៉ានីញូមដល់កម្រិត ៩០ភាគរយ ដែលអាចយកទៅផលិតធ្វើជាគ្រាប់បែកនុយក្លេអ៊ែរបាន។
កាលពីខែកុម្ភៈមុននេះ របាយការណ៍របស់ភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ AIEA បានបង្ហាញពីការព្រួយបារម្ភទាក់ទងនឹងលទ្ធភាពពង្រីកកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក្នុងមហិច្ឆតាយោធា។ នៅក្រោយរបាយការណ៍នេះ ប្រទេសលោកខាងលិច ដូចជាអាមេរិក និងសហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៅលើអ៊ីរ៉ង់ ដោយហាមមិនឲ្យគេទិញប្រេងពីប្រទេសនេះ។ អ៊ីស្រាអែលវិញចង់វាយប្រហារផ្នែកយោធាទៅលើទីតាំងរោងចក្រនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ប្រសិនបើការចរចាផ្នែកការទូតទទួលបរាជ័យ។
អ៊ីរ៉ង់ដែលមានរងទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសលោកខាងលិច ចាប់តាំងពីឆ្នាំ ២០០៦ បានជួបវិបត្តិសេដ្ឋកិច្ចបណ្តើរៗ ដោយសារទណ្ឌកម្មសេដ្ឋកិច្ចលើកចុងក្រោយនេះ។ នៅក្នុងកិច្ចចរចាលើកនេះ អ៊ីរ៉ង់ចង់ប្រទេសលោកខាងលិចដកទណ្ឌកម្មសេដ្ឋកិច្ចចេញវិញ។ ចំណែកប្រទេសលោកខាងលិចដែលជាតំណាងភាគច្រើន ក្នុងកិច្ចចរចា នៅតែទាមទារឲ្យអ៊ីរ៉ង់លះបង់គម្រោងចម្រើនធាតុអ៊ុយរ៉ានីញូម ចាប់ពីកម្រិត ២០ភាគរយ។
សម្រាប់លើកនេះ វាមិនខុសអ្វីកាលពីឆ្នាំ ២០១១ គេនឹងមិនអាចសង្ឃឹមអ្វីធំដុំ ពីលទ្ធផលកិច្ចប្រជុំ៧ភាគី នៅថ្ងៃនេះទេ ព្រោះថា នៅមុនការចរចា ចាប់ផ្តើម ប្រធានាធិបតីអ៊ីរ៉ង់ Mamoud Ahmadinejad បាននិយាយបិទទ្វាររួចហើយថា អ៊ីរ៉ង់នឹងមិនចុះញ៉ម ដោយព្រមសុខចិត្តកាត់បន្ថយសិទ្ធិរបស់ខ្លួន៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់