ព័ត៌មានជាតិ

នគរបាលស្រុកសំពៅលូន បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនមុខសញ្ញាម្នាក់ជាស្ត្រី

បាត់ដំបង: កាលពីថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំខាលចត្វា ស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៩ និង៣០នាទី នៅចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោក កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងក្រុមអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ក្នុងបទល្មើសជាក់ស្តែង។

ក្នុងកិច្ចប្រតិបត្តិការសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ញ៉ាន សុឃួន ហៅ ង៉ិ ភេទស្រី អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិវាលហាត់ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំគ្រាប់រាងមូលសំប៉ែត ពណ៌ផ្កាឈូក និងពណ៌បៃតង មានត្រាអក្សរបរទេស WY, A, Y1 ចំនួន 150គ្រាប់ ទម្ងន់ ១៥,០៣ក្រាម សង្ស័យមានសារធាតុញៀន
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់)។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកកំពុងរៀបចំកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ នៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី ច្បាប់៕

មតិយោបល់