ព័ត៌មានជាតិ

កម្មករទូកនេសាទម្នាក់ ចងកនៅដើមឈើកាស្យា បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

​កោះកុង:​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​ ១៣​និង​២០​នាទី​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មណ្ឌល​សីមា​ បាន​ទទួល​សេ​ក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ឈ្មោះ​ ប៊ុ​ន​ មី​ បាន​រាយការណ៍​ថា​ មាន​មនុស្ស​ចងក​នៅ​ជាប់​ដើមឈើ​កា​ស្យា​ នៅ​ចំណុច​ ភូមិ​នាង​កុក​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​ មណ្ឌល​សីមា​ ។​

​កម្លាំង​ជំនាញ​ និង​កម្លាំង​ក្រុម​គ្រូពេទ្យ​ បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ដែល​មាន​មនុស្ស​ចងក​ធ្វើ​អត្តឃាត​ពិតប្រាកដ​មែន​ និង​បាន​ធ្វើការ​ស្រាវជ្រាវ​រក​សាវតា​ជាតិ​របស់​សព​ មានឈ្មោះ​ អុក​ គា​ ភេទ​ប្រុស​ អាយុ ​២៨ ​ឆ្នាំ​ មុខរបរ​កម្មករ​ទូក​នេសាទ​ ស្នាក់​នៅ​បណ្ដោះអាសន្ន​លើ​ទូក​ នៅ​ក្នុង​កំពង់​ផែ​ប្រមូល​ទិញ​ផល​នេសាទ​ ភូមិ​នាង​កុក​ ឃុំ​ ប៉ាក់​ខ្ល​ង​ ស្រុក​ មណ្ឌល​សីមា​ ។​ ឈ្មោះ​ អុក​ គា​ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​វត្ត​ថ្មី​ ឃុំ​តា​ជេស​ ស្រុក​ កំពង់ត្រឡាច​ ខេត្ត​ កំពង់ឆ្នាំង​ ។​

​ដោយ​មានការ​បំភ្លឺ​របស់​ឈ្មោះ​ ឈិ​ន​ ឆោម​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ និង​ឈ្មោះ​ គល់​ យ៉ា​ត់​ ភេទ​ប្រុស​ អាយុ​២៧​ ឆ្នាំ​ មុខរបរ​កម្មករ​ទូក​នេសាទ​ មាន​ទីលំនៅ​ផ្ទះ​ជិត​គ្នា​នៅ​ភូមិ​ វត្ត​ថ្មី​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ​កំពង់ឆ្នាំង​ បានឲ្យ​ដឹង​ថា​ ឈ្មោះ​ អុក​ គា​ដេក ​នៅ​ជិត​គ្នា​ ហើយ​បាន​និយាយ​ប្រាប់​ថា​ ជួយ​មើល​កូន​គាត់​ឲ្យ​ផង​ រួច​ហើយ​ក៏​នាំ​គ្នា​ដេក​នៅ​លើ​ទូក​ជាមួយ​គ្នា​ រហូត​ដល់​ម៉ោង​៥​ព្រឹក​ ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២២​ ក៏​បាន​បាត់ឈ្មោះ​ អុក​ គា​ នៅ​កន្លែងដេក​ តែ​ម្ដង​ ហើយ​ពួក​ខ្ញុំ​ដើរ​រក​នៅ​ក្នុង​បរិវេណ​កំពុង​ផែ​ប្រមូល​ទិញ​ផល​នេសាទ​ពុំ​ឃើញ​ ។​ លុះដល់​វេលា​ម៉ោង​ ១៣​និង​២០​នាទី​ ទើបបាន​ឃើញ​សព​ឈ្មោះ​ អុក​ គា​ ចងក​នៅ​ជាប់​ដើមឈើ​កា​ស្យា​តែ​ម្ដង​ ។​

​តាម​ការ​សន្និដ្ឋាន​របស់​កម្លាំង​ជំនាញ​ និង​ក្រុម​គ្រូពេទ្យ​ពិនិត្យ​ទៅ​ឃើញ​ថា​ ឈ្មោះ​ អុក​ គា​ ពិតជា​ចងក​ធ្វើ​អត្តឃាត​ ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ ។​

​សព​បាន​ប្រគល់​ទៅ​ឲ្យឈ្មោះ​ ឈិ​ន​ ឆោម​ និង​ ឈ្មោះ​ គល់​យ៉ា​ត់​ យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ តាម​ប្រពៃណី​នៅ​ភូមិ​វត្ត​ថ្មី​ ឃុំ​តា​ជេស​ ស្រុក​កំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង​ ៕

មតិយោបល់