ព័ត៌មានជាតិ

មុខសញ្ញាធ្លាប់ធ្វើសកម្មភាព ឆក់សម្ភារៈតាមផ្លូវកន្លងមក ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ

ព្រះសីហនុ: នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការដឹកនាំបញ្ជាពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ វេលាម៉ោង២២និង០០នាទីយប់ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាកសង់ប៉ិច ពណ៌ខ្មៅ ម្នាក់ឯង តាមផ្លូវ ហើយកម្លាំងសមត្ថកិច្ចមានការសង្ស័យ មានភិនភាគដូចមុខសញ្ញាធ្លាប់ធ្វើសកម្មភាព ឆក់សម្ភារ:តាមផ្លូវកន្លងមក ទើបកម្លាំងធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅអធិការដ្ឋាន ។

ជនសង្ស័យមានឈ្មោះ ឈុន អាន ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ មុខរបរ មិនពិតប្រាកដ ។

ក្រោយពេលសាកសួរជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ យួន (កំពុងរត់គេចខ្លួន) ពិតជាបានធ្វើសកម្មភាព ឆក់កាបូបពីជនរងគ្រោះ នៅចំណុចរង្វង់មូលតោ២ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៦និង២០នាទីព្រឹក បានសម្រេចប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់