ព័ត៌មានជាតិ

ករណីឆក់មិនទាន់ចាប់ជនសង្ស័យបានផង ចោរលួចម៉ូតូ ក្នុងបុរី ប៊ុន ហួរ អស់១គ្រឿង លោកអធិការទើបទ្បើងថ្មី ចាប់ជនសង្ស័យបានឬទេ?

ភ្នំពេញ: បុគ្គលិកក្រុមហ៊ុនម្នាក់ បានចេញមកធ្វើការ ក៏ទៅយកម៉ូតូ ដែលទុកនៅកន្លែងរាល់ដង តែមិននឹកស្មានថា ត្រូវក្រុមជនសង្ស័យ ធ្វើសកម្មភាពកាច់សោ.ក យកទៅបាត់ដោយសុវត្ថិភាព នៅកន្លែងធ្វើការ ក្នុងបរិវេណបុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

ជនរងគ្រោះឈ្មោះ បាន សាមួន អាយុ២៣ឆ្នាំ កន្លែងកំណើតនៅខេត្តកំពត ជាបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់ក្នុងបុរី ប៊ុន ហួរ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យ កាច់សោ.ក យកនោះ ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HM-9694។

ក្រោយកើតហេតុជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ច កំណត់មុខសញ្ញា ចាប់ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

សូមបញ្ជាក់៖ ករណីខាងលើនេះ ពលរដ្ឋក្នុងខណ្ឌពោធិ៍សែនជ័យ ក៏ចង់ឃើញលោកអធិការទើបទ្បើងកាន់តំណែងថ្មី ថាតើមានសមត្ថភាពប៉ុណ្ណា អាចធ្វើឲ្យពួកគាត់ រស់នៅក្នុងមូលដ្ឋាន មានភាពកក់ក្ដៅដែរទេ ខណ:នៅតែមានសកម្មភាពចោរឆក់ចោរលួចដដែល មិនទាន់ឃើញមានវិធានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាពសោះ។

ពលរដ្ឋបានលួចបង្ហើបប្រាប់ Post News តាមតុកាហ្វេថា គួរថ្នាក់ដឹកនាំ មុននឹងជ្រើសរើស អធិការមួយៗ មេត្តាសិក្សាឲ្យមានការស៊ីជម្រៅសិន មុននឹងយកមកដឹកនាំក្នុងមូលដ្ឋាន កុំចាត់តាំងដាក់អ្នកនេះ អ្នកនោះ ធ្វើឲ្យតែល្អមើល ប៉ុន្តែមិនអាចទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋានបាន ធ្វើឲ្យពលរដ្ឋរិះគន់ដដែល។

ករណីនេះដែរ នាយក្ដាមសមុទ្រ បានជិះម៉ូតូទៅហូបគុយទាវ នៅម្ដុំហាងផ្សារស្ទឹងមានជ័យថ្មី បានឃើញបុរស សម្បុរសម្នាក់ កំពុងជជែកគ្នានៅតុកាហ្វេ ឮនិយាយរឿងថា លោក យឹម សារ៉ាន់ មានប្រជាប្រិយភាព ក្នុងមូលដ្ឋាន មានបទពិសោធន៍ជាច្រើនឆ្នាំហើយ នៅតែមានការផ្លាស់ប្ដូរ ចុះទម្រាំអធិការផ្សេងទៀត និងលោកមេប៉ុស្តិ៍ ដែលមិនសូវសកម្មក្នុងមូលដ្ឋាន ភ័យខ្លាចបាត់តំណែង ប្រហែលជាខំរត់ការទប់ហើយ ពេលនោះ ស្រាប់តែមានបុរសម្នាក់ទៀត សម្បុរខ្មៅ និយាយថា មិនអីទេ ឲ្យតែខំប្រឹងល្បាត ក្នុងមូលដ្ឋាន ទប់ស្កាត់បទល្មើសឲ្យបាន ពលរដ្ឋស្រទ្បាញ់ច្រើន ថ្នាក់លើមិនដកទេ។

យ៉ាងណាមិញ នេះគ្រាន់តែជាមតិរិះគន់ ដើម្បីស្ថាបនាប៉ុណ្ណោះ សូមកុំខឹងនាយក្ដាមសមុទ្រអី៕

មតិយោបល់