ព័ត៌មានជាតិ

ស្ត្រីម្នាក់ ជិះម៉ូតូពី ភ្នំពេញ ទៅទម្លាក់ជ្រោះ ពេជ្រនិល ជម្រៅ ២០០០ម៉ែត្រ មិនស្លាប់

ព្រះស៊ីហនុ:ស្ត្រីវ័យក្មេងម្នាក់ មានផ្ទះនៅភ្នំពេញ ហើយបានជិះម៉ូតូទៅបើកថ្នាំពេទ្យ បែរជាជិះបង្ហួស រហូតទៅដល់ពេជ្រនិល តំបនយ៉ាយម៉ៅ ហើយបើកទម្លាក់ខ្លួន ចូលទៅក្នុងជ្រោះ ដែលមានជម្រៅជាង ២,០០០ម៉ែត្រ ដេកនៅបាតជ្រោះ ក្នុងព្រៃពេញមួយយប់ តែសំណាង នាងមិនស្លាប់ទេ គ្រាន់តែរងរបួសតិចតួចប៉ុណ្ណោះ។

នារីរងគ្រោះ ត្រូវបានកម្លាំងមានសមត្ថកិច្ច ចុះស្វែងរកឃើញ នៅបាតជ្រោះជម្រៅជាង ២០០០ម៉ែត្រ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៣ មេសានេះ នៅផ្លូវជាតិលេខ៤ តំបន់យ៉ាយម៉ៅ ក្នុងស្រុកកំពង់សិលា ខេត្តព្រះស៊ីហនុ។ បើតាមការឱ្យដឹង ពីលោក វណ្ណា មន្ត្រីយោធា កងពលលេខ៤១ បានបញ្ជាក់ប្រាប់ Post News ថា នៅយប់ម្សិលមិញ ថ្ងៃ២២ មេសា គាត់បានជិះម៉ូតូល្បាតតាមផ្លូវ នៅតំបន់នេះ ហើយក៏បានប្រះឃើញម៉ូតូកុបជ្រុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1BM-3943 នៅដួលចោលជាប់មាត់ជ្រោះពេជ្រនិល តែមិនឃើញមានម្ចាស់ទេ។

បន្ទាប់មក ក៏រាយការទៅនគរបាល ឱ្យមកយកទៅរក្សាទុក។ លុះដល់ព្រឹក សមត្ថកិច្ច មានការសង្ស័យ ក៏នាំកម្លាំងចំរុះ ចុះរុករកតាមស្នាមស្មៅ និងកូនឈើតូចៗ រហូតដល់បាតជ្រោះជម្រៅជាង ២,០០០ម៉ែត្រ ក៏ស្រាប់តែប្រទះឃើញនារីរងគ្រោះ ដើរញ៉រញ៉ាក់ម្នាក់ឯង នឹងមានស្នាមរបួសខ្លះៗ ផងដែរ។ ភ្លាមនោះ ក្រុមសង្គ្រោះ ក៏បានទាញយកនាងឡើងមកលើវិញ ប្រើពេលជិតមួយម៉ោង។ នារីរងគ្រោះ បានប្រាប់សមត្ថកិច្ចថា នាងមានឈ្មោះ ស្រី សុជាតា ហៅ ស្រីអូន អាយុ ២៥ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ទទួលគោក រាជធានីភ្នំពេញ។ នាង ស្រីសុជាតា បានប្រាប់ថា ពេលនាងធ្លាក់ទៅក្រោម នាងអត់សន្លប់ទេ គ្រាន់តែរបួសតិចតួច តែនាងឡើងមកវិញមិនរួចទេ នាងដេកនៅបាតជ្រោះនោះ ទាំងភ័យខ្លាចយ៉ាងខ្លាំង រហូតដល់ម៉ោងជិតថ្ងៃត្រង់ ទើបឃើញមានសមត្ថកិច្ច មកជួយ។

បើតាមការបញ្ជាក់ ពីស្ត្រីឈ្មោះ សុភា ដែលត្រូវជាបងស្រីបង្កើតរបស់នារីរងគ្រោះ បានប្រាប់ថា នាពេលរសៀល ថ្ងៃ២២ មេសា ប្អូនស្រី សុជាតា បានជិះម៉ូតូកុប ចេញពីផ្ទះនៅទឹកល្អក់ ទៅបើកថ្នាំពេទ្យ ហើយមិនឃើញមកវិញ ពោល គឺបាត់ឈឹងតែម្តង ទោះបីក្រុមគ្រួសារ ខិតខំស្វែងរកគ្រប់ច្រកល្ហក និងបានប្រកាសតាមវិឡុ ទៀតផង។ លុះដល់ព្រឹកឡើង ទើបឮដំណឹងថា មានគេប្រទះឃើញម៉ូតូនៅជ្រោះពេជ្រនិលនោះ ក៏ភ្ញាក់ផ្អើល ឱ្យសាច់ញាតិទៅពិនិត្យមើល ទើបដឹងថា ម៉ូតូនោះមែន រហូតរកឃើញប្អូនស្រី។

ចុងក្រោយ នារីរងគ្រោះ បញ្ជាក់ថា នាងមិនបានដឹងខ្លូននោះទេ នាងចេះតែជិះៗទៅ រហូតមកដល់ជ្រោះពេជ្រនិល ក៏ជិះចូលជ្រោះនោះតែម្តង។ ក្រុមសាច់ញាតិ បានបញ្ជាក់ថា នាងមានជម្ងឺសសៃប្រសាទតិចតួច។ ឯអ្នកស្រុកនៅតំបន់ជ្រោះពេជ្រនិល និយាយថា នាងត្រូវព្រលឹងខ្មោច នៅពេជ្រនិល ហៅមក។ ពេលនេះ នាងត្រូវបានសាច់ញាតិ នាំយកមកផ្ទះវិញហើយ៕

photo_2016-04-23_13-40-53 photo_2016-04-23_13-40-54

មតិយោបល់