ព័ត៌មានជាតិ

ឯកឧត្តម ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​​និង ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​បើក​ការដ្ឋាន គម្រោង​ពង្រីក​ ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ខេត្ត​បាត់ដំបង​

ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត ក្នុង​ខេត្ត​បាត់ដំបង និង​ពិធី​សម្ពោធ​សមិទ្ធផល​គម្រោង​ផ្លាស់ប្តូរ​បណ្តាញ​ចាស់​និង​ពង្រីក​នូវ​បណ្តាញ​ថ្មី របស់​រដ្ឋាករទឹក​ខេត្ត​បាត់ដំបង ក្រោម​ជំនួយ​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ដែល​មាន​តម្លៃ ជាង​៣២​លាន ដុល្លារ​អាមេរិក សំរាប់​ការសាងសង់​នូវ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ថ្មី​មួយ នៅក្នុង​ខេត្ត​បាត់ដំបង​និង​មួយទៀត​នៅ​​ខេត្ត​កំពង់ចាម ត្រូវបាន​ប្រារព្វ​ធ្វើឡើង ក្រោម​អធិបតីភាព​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​វត្តមាន​ពី​តំណាង​ប្រទេស​ជា​ម្ចាស់ជំនួយ ឯកឧត្តម គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​គូសបញ្ជាក់ថា​៖ បច្ចុប្បន្ននេះ អង្គភាព​រដ្ឋាករ​​ទឹក​ខេត្តបាត់ដំបង​មាន​រោងចក្រ​ផលិត​ទឹកស្អាត​មួយកន្លែង​ដែល​មាន​សមត្ថភាព​ផលិត​១១.៥២០​ម៉ែត្រ​​ត្រី​គុណ បរិមាណ​ទឹកស្អាត​ផ្គត់ផ្គង់​អតិប្បរិមា​៩.៦៦៨​ម៉ែត្រត្រីគុណ​ក្នុង​១​ថ្ងៃ គិត​ជា​មធ្យម ៨.៦៤៣ ម៉ែ​
​ត្រ​ត្រីគុណ​ក្នុង​១​ថ្ងៃ ចំនួន​អ្នកប្រើប្រាស់​សរុប ១០.៦៣៦​ខ្នង​ផ្ទះ​។​ឯកឧត្តម​បាន​បន្តទៀតថា ដោយសារ​​កំណើន​ប្រជាជន​ក្នុង​ក្រុង​បាត់ដំបង​ជិត​១៥​ម៉ឺន​នាក់​បាន​ធ្វើឲ្យ​អត្រា​នៃ​ការប្រើប្រាស់​ទឹក​ស្អាត​គ្របដណ្តប់​បានតែ​៤០%​ប៉ុណ្ណោះ នៃ​ប្រជាជន​ក្នុង​ក្រុង​ទាំងមូល​។​

ឯកឧត្តម គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ខ្ញុំ​​សង្ឃឹមថា​៖​គម្រោង​នេះ​គ្រោង​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​ខាងមុខ នៅពេល​ដែល​គំរោង​នេះ​ត្រូវ​​បានបញ្ចប់​នោះ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នៅក្នុង​ខេត្ត​បាត់ដំបង នឹង​ត្រូវបាន​ពង្រីក ការ​រ​ចែកចាយ​
​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​រស់នៅរ​បស់​ប្រជាជន​នៅក្នុង​តំបន់​ដែល​គ្របដណ្តប់​ដោយ​គំរោង​មួយ​នេះ ហើយ​អត្រា​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ក្នុង​ទី​រួម​ខេត្ត​ត្រូវ​បាន​រំពឹងទុក​ថា​៖​នឹង​អាច​កើនឡើង​ដល់​៨៤%​នៅក្នុង​ឆ្នាំ​២០១៩​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែងថា​៖ នេះ​គឺ​​ជា​សមិទ្ធផល​នៃ​ការអភិវឌ្ឍន៍ ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​វិស័យ​ទឹកស្អាត​ដ៏​ធំ​និង​ថ្មី​បន្ថែម​ទៀត ក្រោម​​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន នៅក្នុង​ខេត្ត​បាត់ដំបង​។​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល និង​ជួសមុខ​ឲ្យ​ពលរដ្ឋ​រស់នៅក្នុង​ខេត្ត​ទាំង​២ (​បាត់ដំបង​-​កំពង់ចាម​) សូម​សំដែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ជូន​ចំពោះ​ប្រជាជន​និង​រាជរដ្ឋាភិបាល​ជប៉ុន ដែល​ជា​និច្ច​ជា​កាល បាន​ផ្តល់​នូវ​​ជំនួយឥតសំណង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រជាជន​កម្ពុជា ក្នុង​ការរួមចំណែក​ដល់​ការអភិវឌ្ឍន៍សេ​ដ្ឋ​កិច្ច​កម្ពុជា ការលើកកម្ពស់​សុខមាលភាព និង​កាត់បន្ថយ​ភាពក្រីក្រ តាមរយៈ​នៃ​ការអភិវឌ្ឍន៍​ជាក់ស្តែង​​នៃ​គម្រោង ដែល​យើង​បាន​និង​កំពុង​តែ​ប្រារព្វ​ធ្វើ​នា​ថ្ងៃនេះ ដើម្បី​ជា​ភស្តុតាង​ស្រាប់​៕
https://i1272.photobucket.com/albums/y389/domneng/Construc1_zps7a7a9c22.png
https://i1272.photobucket.com/albums/y389/domneng/Construc2_zpsff9af6a6.png

មតិយោបល់