ព័ត៌មានជាតិ

បុរសម្នាក់ប៉ុនប៉ងរំលោភ សេពសន្ថវៈលើនារីរងគ្រោះម្នាក់ ត្រូវម្តាយនាងឃើញទាន់ប្តឹងសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣និង១០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានធ្វើការបង្ក្រាបករណីប៉ុនប៉ងរំលោភសេពសេន្ថវៈ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ ម៉ូយ បារាំង ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានរាយការណ៍អោយដឹងថា ការចាប់ខ្លួននេះធ្វើឡើងក្រោយជនសង្ស័យ បានប្រព្រឹត្តិសកម្មភាពចាប់ច្របាច់សុដន់ ថើបថ្ពាល់ ស្រាតខោ ប៉ុនប៉ងរំលោភសេពសន្ថវ: ទៅលើជនរងគ្រោះ០១នាក់ឈ្មោះ ធិន មុំ ភេទស្រី អាយុ ២៦ឆ្នាំ ជាជនវិបល្លាសស្មារតី (មានសតិមិនគ្រប់) មានទីលំនៅភូមិ-ឃុំជាមួយគ្នា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៧និង៣០នាទី នៅត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងក្រុមទី១១ ភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងពេលកំពុងធ្វើសកម្មភាព ក៏ត្រូវម្ដាយជនរងគ្រោះមកទាន់ និងរាយការណ៍ជូនសមត្ថកិច្ចស្រុក ដើម្បីចុះធ្វើការស្រាវជ្រាវចាប់ខ្លួនតែម្ដង ។

ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរ និងការពារអនីតិជន លោកអធិការបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរចម្លើយ ជនល្មើសបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ប៉ុនប៉ងរំលោភសេពសន្ថវៈ ទៅលើស្រ្តីឈ្មោះ ធិន មុំ ពិតប្រាកដមែន ។

បច្ចុប្បន្ន កម្លាំងនគរបាលស្រុកសំពៅលូន កំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់