ព័ត៌មានជាតិ

RX300បើកឆ្លងផ្លូវបុកFORD ស្លាកលេខកម្ពុជា B.PANHA1 បណ្តាលឲ្យបែកកង់រេចង្កូតធ្លាក់ផ្លូវ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្ត Lexus RX300 មួយគ្រឿង បើកឆ្លងផ្លូវទៅបុកជាមួយរថយន្តស៊េរីទំនើប FORD RAPTOR កំពុងបើកផ្លូវត្រង់ បណ្តាលឲ្យបែកកង់ក្រោយរេចង្កូតធ្លាក់ផ្លូវ ។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាក FORD RAPTOR មួយគ្រឿង ពាក់ស្លាកលេខ កម្ពុជា B.PANHA1 ដែលធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្តោយផ្លូវខាងលើ រហូតមកដល់ចំណុចកើតហេតុ ដោយសារមានចំណុចផ្លូវឆ្លងទើបរថយន្ត Lexus RX300 មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-2282 បើកឆ្លងផ្លូវពីត្បូងទៅជើង ក៏ជ្រុលបុករថយន្ត Ford ផ្នែកខាងក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យរងកាខូចខាតរថយន្ត និងបែកកង់រេចង្កូតធ្លាក់ចិញ្ចើមផ្លូវ សំណាងមិនមានមនុស្សរងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង និងឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នា ៕

មតិយោបល់