ភ្នំពេញៈ នៅវេលាម៉ោង០៨និង៥០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ មានករណីជនសង្ស័យ០២នាក់ ជិះម៉ូតូធ្វើសកម្មភាព លួចកាច់សោកម៉ូតូបុគ្គលិកញ៉ាំ២៤ ឈប់ចតចូលទៅយកម្ហូបក្នុងហាងមិនបានសម្រេច ជិះគេចខ្លួនដកកាំភ្លើងបាញ់១គ្រាប់គំរាម ពលរដ្ឋជិះម៉ូតូដេញតាម បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតត្រង់ចំណុចមុខហាងណាយស៍ប៊ឺរហ្គឺរ តាមបណ្ដោយផ្លូវ២៥៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនញ៉ាំ២៤ បានជិះម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់ ពណ៌ខ្មៅ ឈប់នៅមុខហាងកើតហេតុ រួចក៏ដើរចូលទៅខាងក្នុងដើម្បីយកម្ហូប ស្រាប់តែលេចមុខជនសង្ស័យ០២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកឃ្លីក ពណ៌ស មកឈប់ក្បែរម៉ូតូជនរងគ្រោះ ហើយជនសង្ស័យម្នាក់ បានចុះទៅធ្វើសកម្មភាពលួចកាច់សោកម៉ូតូជនរងគ្រោះ មិនទាន់បានសម្រេចផង ពេលនោះជនរងគ្រោះបានឃើញទាន់ ក៏ស្ទុះរត់ចេញមកស្រែកចោរៗ ធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោ រត់ឡើងជិះម៉ូតូបក្ខពួករបស់ជិះគេចខ្លួន ។
ពេលនោះមានបុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនអ៊ីហ្គេត បានឃើញក៏ជិះដេញតាមពីក្រោយជនសង្ស័យ និងស្រែកចោរៗ រហូតមកដល់ចំណុចវិទ្យាល័យសន្ធរម៉ុក តាមបណ្ដោយផ្លូវ២៥៣ កែងនឹងផ្លូវ១៣២ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ស្រាប់តែជនសង្ស័យបានដល់កាំភ្លើងបាញ់១គ្រាប់ សំដៅទៅលើបុរសដែលជិះម៉ូតូដេញតាមពីក្រោយ ធ្វើឲ្យបុរសនោះភ័យលែងហ៊ានជិះដេញ ហើយជនសង្ស័យបន្ថែមល្បឿនជិះគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមករើសយកសម្បកគ្រាប់ផ្ទុះ ដែលជនសង្ស័យបន្សល់ទុក នៅកន្លែងកើតហេតុ រួមទាំងនាំបុរសជិះដេញតាមជនសង្ស័យ ទៅធ្វើការបំភ្លឺនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដើម្បីងាយស្រួលដល់ការស្រាវជ្រាវរបស់សមត្ថកិច្ច តាមចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕






មតិយោបល់