ព័ត៌មានជាតិ

នគរបាលបង្ហាញជនសង្ស័យជាមុខសញ្ញា កាប់ប្លន់ម៉ូតូកក្រើកក្រុងប៉ោយប៉ែត ១៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ក្រោយពីបានឃាត់ខ្លួនជាបន្តបន្ទាប់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃសៅរ៍ ១៥ កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជនសង្ស័យជាមុខសញ្ញាកាប់ប្លន់សកម្មនៅក្រុងប៉ោយប៉ែតចំនួន ១៣នាក់ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយ​ប៉ែត ចាប់បញ្ជូនទៅស្នងការដើម្បីចាត់ការបន្ត ។

លោក​ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ក្រោយទទួលបណ្តឹងពីឈ្មោះ លឹម ម៉ី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ថា កាលពីយប់ថ្ងៃទី៥ ខែកញា្ញ ឆ្នាំ២០២២ វេលាម៉ោង ០៨យប់ ខ្លួននិងមិត្តភ័ក្ត្រឈ្មោះ លួយ សំបូ ភេទប្រុស ជិះម៉ូតូពីទិសខាងកើតទៅទិសខាងលិចជាមិត្តភ័ក្ត្រ ក៏ឃើញមានម៉ូតូមួយក្រុមជាងដប់គ្រឿងបើកហ៊ោកញ្រ្ជៀវតាមផ្លូវ ពេលខ្លួននិងមិត្តភ័ក្រ្តជិះដល់វត្តម៉ុងចិនស្រាប់តែឃើញក្រុមម៉ូតូនោះជិះមកតាមក្រោយ ខ្លះបិត​ភ្លើង ខ្លះបើកភ្លើងជិះដេញពីក្រោយយ៉ាងលឿន ខ្លួនឃើញបែបនេះក៏បើកម៉ូតូយ៉ាងលឿនដល់បុរី ខេ អិន ផ្តួលម៉ូតូហើយរត់យករួចខ្លួន ខណ:នោះក្រុមនេះ បានកាប់មិត្តភ័ក្រ្តខ្លួន ឈ្មោះ លួម សំបូរ ត្រូវខ្នងនិងក្បាលពីក្រោយរងរបួសធ្ងន់ ក្រោយមកបានរយ:ពេលកន្លះម៉ោងពួកខ្លួនក៏បានហៅម៉ូតូឌុបជិះទៅផ្ទះនៅភូមិដុងអារ័ញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ចំណែកម៉ូតូត្រូវបានជនសង្ស័យជិ:យកទៅបាត់ ម៉ាក C125 ពណ៌ក្រហមផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1S 6129 ។

លោកអធិការបានប្រាប់ឲ្យដឹងថា៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នគរបាលជំនាញព្រហ្មទណ្ឌក្រុង បានធ្វើការស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញនិងឈានដល់ឃាត់ខ្លួនជនសង្ស័យ ០១នាក់ នៅវេលាម៉ោង ០៥និង០៣នាទីល្ងាច ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ មាន ឈ្មោះ ឃុន សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នាំមកសាកសួរ។ ក្រោយពីទទួលបានចម្លើយសារភាព នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់នៅចំណុចម្ដុំវត្តពុទ្ធភូមិសុមារ៉ាមជាយដែន ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ជនសង្ស័យមាន ៖ ទី១/-ឈ្មោះ ឡី យ៉េត ហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅក្នុងបុរីធីស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី២/-ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៣/-ឈ្មោះ អ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៤/-ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ទី៥/-ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ភេទប្រុស ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៦/-ឈ្មោះ សុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី៧/-ឈ្មោះ ផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ស្នាក់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងបានដកហូតសម្ភារ:វត្ថុតាងមាន កាំបិតផ្គាក់ចំនួន៤ដើម ម៉ូតូចំនួន៤គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។

លោកអធិការបានបញ្ជាក់បន្ថែមទៀតថា៖ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៨នាក់នេះមក កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌក្រុងប៉ោយប៉ែត បានពន្លាតដែនដី ដោយសហការជាមួយកម្លាំងនគរបាលស្រុកម៉ាឡៃឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ០៥នាក់បន្ថែមទៀត មានទី១/-ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ទី២/- ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី/-៣ ឈ្មោះ លី ដា ហៅកាក់ ភេទប្រុស អាយុ ១៤ឆ្នាំ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ទី៤/-ឈ្មោះ ចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ ១៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ ទី៥/-ឈ្មោះ ផល ផាសិទ្ធ ហៅជ្រុយ អាយុ ១៦ឆ្នាំ ស្នាក់នៅភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ជនសង្ស័យទាំង៥នាក់ខាងលើបានឆ្លើយសារភាពថា ពិតជាបានចូលរួមធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។

ជនសង្ស័យទាំង ១៣នាក់ និងវត្ថុតាងកម្លាំងជំនាញអធិការដ្ឋានបានរៀបចំសំណុំរឿង បញ្ជួនទៅស្នងការដ្ឋានចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់