ព័ត៌មានជាតិ

រថយន្តដឹកខ្សាច់មួយគ្រឿង ចុះពីលើស្ពានអាកាសស្ទឹងមានជ័យហ្វ្រាំងមិនស៊ី រេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៤និង២២នាទីរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តដឹកខ្សាច់១គ្រឿង ហ្វ្រាំង​មិនស៊ីជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបាក់១ដើម បណ្តាលឲ្យរងការខូចខាត ទីតាំងស្ថិតត្រង់ចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តប្រភេទដឹកខ្សាច់មួយគ្រឿង ពាក់ស្លាកលេខខេមរភូមិន្ទ ធ្វើដំណើរឆ្លងកាត់ស្ពានអាកាសស្ទឹងមានជ័យ ។ លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តជាន់ហ្វ្រាំងមិនស៊ី ក៏ជ្រុលចង្កូតទៅបុកបង្គោលភ្លើង១ដើមពេញទំហឹង បណ្តាលឲ្យបាក់រងការខូចខាត ។

ករណីខាងលើនោះ យោងតាមការធ្វើបទសម្ភាសន៍តៃកុងបានបញ្ជាក់ប្រាប់ឲ្យដឹងដូច្នេះថា គាត់ទើបនឹងចូលធ្វើការ១ថ្ងៃនេះទេ ហើយ បានបើករថយន្តដឹកខ្សាច់១គ្រឿងនេះ ។ ដោយបើកបរឆ្លងកាត់តាមស្ពានអាកាសស្ទឹងមានជ័យ មកដល់ត្រង់ចំណុចកើតហេតុ រថយន្តហ្វ្រាំងមិនស៊ី បណ្តាលឲ្យរេចង្កូតជ្រុលទៅបុកបង្គោលនេះតែម្តង ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។

បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ។ មន្រ្តីប៉ូលិសម្នាក់ បានឲ្យក្រុមការងារយើងខ្ញុំដឹងថា ករណីនេះ ប្រគល់ទៅឲ្យខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ គ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕

មតិយោបល់