ព័ត៌មានជាតិ

អ្នកញៀនលេងល្បែងស៊ីសងចំនួន ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល ឃាត់ខ្លួនអប់រំ

ពោធិ៍សាត់: យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា អ្នកញៀនលេងល្បែងស៊ីសងចំនួន ០៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន ធ្វើការចុះបង្ក្រាប ចាប់ឃាត់ខ្លួន ក្រោយនាំគ្នា លេងល្បែងស៊ីសងខុសច្បាប់ (បៀរ) ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅចំណុចព្រៃខាងក្រោយផ្ទះរបស់ម្ចាស់ឈ្មោះ ប៊ន បឿន ភេទស្រី អាយុ ៥៨ឆ្នាំ ស្ថិតក្នុងភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៥និង១០នាទី ថ្ងៃអង្គារ៍ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថាមានការលួចលេងល្បែងស៊ីសងខុសច្បាប់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ សហការជាមួយកម្លាំងប្រជាការពារ បានចុះធ្វើការបង្ក្រាបភ្លាមៗ នឹងបានឃាត់អ្នកលេងបានចំនួន ០៣នាក់ ទី១ឈ្មោះ ជ្រុន ហ៊ី ភេទស្រី អាយុ ៥៥ឆ្នាំ ទី២ឈ្មោះយ៉ន យ៉ុន ភេទប្រុស អាយុ ៦៤ឆ្នាំ និងទី៣ឈ្មោះ លីវ អ៊ីម ភេទស្រី អាយុ ៦៥ឆ្នាំ អ្នកទាំងបីរស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតបានវត្ថុតាងរួមមាន បៀរចំនួន ០២ហ៊ូ កម្រាលចំនួន០២ ចំពោះវត្ថុតាងផ្សេងទៀតយើងបានដុតចោលនៅនឹងកន្លែង។

ចំពោះអ្នកលេងទាំងបីនាក់ ត្រូវបានសមត្ថកិច្ច នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យានិងធ្វើការអប់រំ បញ្ឈប់ការលេងល្បែងស៊ីសង ៕

មតិយោបល់