ព័ត៌មានជាតិ

ម៉ូតូហុងដាឌ្រីមជែងស្ដាំ ប៉ះគ្នាជាមួយរថយន្តបត់ស្ដាំដែរ បណ្ដាលឲ្យធ្លាក់ចូលប្រឡាយទឹក

ភ្នំពេញ: ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ មួយគ្រឿងបានបើកវ៉ាជែងខាងស្ដាំរថយន្ត ១គ្រឿង ក្នុងខណ:ពេលកំពុងបើកបេស្របគ្នា ហើយពេលទៅដល់ទន្ទឹមគ្នា ស្រាប់តែរថយន្តបានបត់ស្ដាំដែរ។ ជាហេតុបណ្ដាលឲ្យប៉ះគ្នាហើយម៉ូតូក៏រេចង្កូតធ្លាក់ចូលទៅក្នុងប្រឡាយទឹករងការខូចខាត ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរឡើយ ចំណែករថយន្តក៏បានរងការរថយន្តផងដែរ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកឡិចស៊ីស NX-200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-2160 បើកបរក្នុងទិសដៅពីកើតទៅលិច។ ស្របពេលនោះក៏មានបុរសម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E-1229 ទៅពីក្រោយក្នុងទិសដៅស្របគ្នាដែរ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុម៉ូតូបានវ៉ាជែងខាងស្ដាំរថយន្ត ចំណែករថយន្តក៏បានបត់ស្ដាំដែរ ហើយក៏ត្រូវម៉ូតូកៀរចំខាងមុខចំហៀងខាងស្ដាំ បណ្ដាលឲ្យរថយន្តបែកចង្កៀងមុខនិងឆ្កូតថ្នាំថ្ពាល់។ចំណែកឯម៉ូតូបានខ្ទាតធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ប៉ុន្តែពុំបានបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសឡើយ ។

ក្រោយពេលកើតហេតុ អ្នកដំណើរជួយលើកម៉ូតូចេញពីក្នុងប្រឡាយ បន្ទាប់មកអ្នកជិះម៉ូតូរូបនោះ បានចេញសំណង ១០០ដុល្លារ ទៅឲ្យខាងម្ចាស់រថយន្តជាការបញ្ចប់រឿងនៅនឹងកន្លែងនោះតែម្ដង៕

មតិយោបល់