ភ្នំពេញៈ ខណៈដែលមនុស្សជាច្រើន បានយល់ឃើញថា តារាចម្រៀង ខេម ក្រោយពីបានឡើងកូដ គឺមិនសូវចាប់អារម្មណ៍ទទួលច្រៀងក្នុងកម្មវិធីអត់លុយ ដើម្បីសប្បុរសធម៌នោះ ពេលនេះលោកបានប្រកាសថា ខ្លួនរីករាយ១០០ភាគរយ ក្នុងការទទួលច្រៀងរាល់តន្ត្រីសប្បុរសធម៌ ឲ្យតែកម្មវិធីនោះ ពិតជាជួយសង្គមដោយពិតប្រាកដ។ លោកលើកឡើងថា លោកមិនដែលប្រកែកនឹងការអញ្ជើញទាំងនោះទេ ហើយក៏អន់ចិត្តណាស់ដែរ ដែលគ្មានអ្នកទាក់ទងឲ្យលោកចេញច្រៀង ក្នុងកម្មវិធីសប្បុរសធម៌ និងបានលាបពណ៌ថា លោកអត់ច្រៀងក្នុងកម្មវិធីបែបនេះ។
តារាចម្រៀង ខេម និយាយថា តាំងពីលោកបានប្រឡូកនៅក្នុងការងារសិល្បៈ លោកទទួលបានឱកាសចេញច្រៀងនៅក្នុងកម្មវិធីសប្បុរសធម៌ជួយដល់សង្គមតែ២លើកប៉ុណ្ណោះ ដោយមួយលើក គឺបានចូលច្រៀងជាមួយតារាចម្រៀងលោក ព្រាប សុវត្ថិ នៅសាលមហោស្រពចេនឡា។ លោកថា ខ្លួនល្បីដោយសារមហាជន ដូច្នេះគ្មានរឿងដែលលោកមិនហ៊ានចំណាយពេលវេលា និងគិតតែពីលុយ ដោយមិនព្រមយកសំឡេង យកការគាំទ្ររបស់មហាជនទៅជួយដល់សង្គមវិញនោះទេ។
យ៉ាងណាមិញ លោកក៏បានសុំទោសចំពោះអ្នកស្នើសុំខ្លះផងដែរ ដែលបានទាក់ទងមកលោក ដើម្បីឲ្យជួយច្រៀងក្នុងកម្មវិធីសប្បុរសធម៌ ហើយលោកជាប់រវល់មិនអាចទៅបាន។ លោកនិយាយថា ខ្លួនចង់ខ្លាំងណាស់នូវរាល់កម្មវិធីដើម្បីសង្គម ដោយក្រៅពីមិនយកលុយមួយរៀល លោកក៏អាចគៀគរតារាសិល្បៈ និងសប្បុរសជនឲ្យដល់កម្មវិធីបែបនោះផងដែរ។
លោក ខេម បន្តថា ខ្លួនទោះជាល្បីដល់ណា ក៏ចង់បង្ហាញខ្លួននៅរាល់កម្មវិធីសប្បុរសធម៌ដែរ ហើយលោកទទូចឲ្យអ្នកមានកម្មវិធីដើម្បីសង្គមទាំងអស់ទាក់ទងមកលោក នូវរាល់កម្មវិធីដែលមានទម្រង់ជួយដល់សង្គម។ ប៉ុន្តែលោកក៏នឹងពិចារណានោះដែរ សម្រាប់កម្មវិធីដែលដាក់ផ្លាកសប្បុរសទាំងឡាយណា ដែលធ្វើដើម្បីប្រយោជន៍មុខជំនួញរបស់ខ្លួន ហើយប្រកាសថា ជួយសង្គមនោះ៕
មតិយោបល់