ព័ត៌មានជាតិ

ជនជាតិចិនបើកលុចស៊ីស RX300 ពន្លះរបាំងថ្មបាក់អស់៣កង់ នៅមុខព្រលាន្តយន្តហោះពោធិ៍ជិនតុង

ភ្នំពេញ: របាំងថ្មចំនួន៣កង់ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខព្រលាន្តយន្តហោះពោធិ៍ជិនតុង ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ត្រូវរថយន្តលុចស៊ីសRX300 មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលចង្កូតទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តកៀបជាប់រងការខូចយ៉ាងដំណំ កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តលុចស៊ីសRX300 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2T-4688 បើកបរដោយជនជាតិចិន ទំនងជាស្រវឹងស្រា ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង លាន់ដូចរន្ទះ បណ្ដាលឲ្យបាក់អស់ចំនួន៣កង់ ឯរថយន្តបង្កកៀបជាប់និងក្បាលនាគ ទៅមុខលែងរួចរងការខូចខាតមួយកំណាត់មុខយ៉ាងដំណំ តែសំណាងល្អ មិនបង្កឲ្យមនុស្សរងរបួសធ្ងន់ធ្ងរនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ ឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅការិយាល័យចរាចរណ៌ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕

មតិយោបល់