ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ៤នាក់ ឪពុកម្តាយ និងកូនរងរបួសធ្ងន់ស្រាល

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល រថយន្តកូរេមួយគ្រឿងម៉ាក KIA បានបុកម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ មួយគ្រឿងជិះគ្នា ៤នាក់ ត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលទាំង ៤នាក់ ចំណែកម៉ូតូក៏បានរងការខូចខាតយ៉ាងដំណំផងដែរ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរេមួយគ្រឿងម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BA-3071 បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-7741 ជិះគ្នា៤នាក់ប្ដីប្រពន្ធនិងកូន២នាក់។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវបំបែកជាបួនក៏ត្រូវរថយន្តបុកអូសជាង ៥ម៉ែត្រ បណ្ដាលឲ្យបុរសជាប្ដីរងរបួសធ្ងន់ ចំណែកប្រពន្ធនិងកូនរងរបួសស្រាល។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ម៉ូតូរបស់ពួកគាត់រងការខូចខាតយ៉ាងដំណំ ហើយក្រោយពេលកើតហេតុបុរសជាប្ដីដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ដោយឡែកនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងក៏បានចុះទៅធ្វើការវាស់វែង នាំយករថយន្ត និងម៉ូតូទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់