ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ធ្វើសកម្មភាព យកកាំបិតកញ្ចែតកាប់បងថ្លៃ បណ្តាលឲ្យត្រូវដៃនិងមុខរងរបួសធ្ងន់ធ្ងរ

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៨ និង ៣៥ នាទី ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព បានធ្វើការបង្ក្រាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស កើតឡើងមួយលើក ។

យោងតាមរបាយការណ៍របស់ នគរបាលស្រុកសំពៅលូន បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ មិត្ត ឡៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកកាំបិតកញ្ចែត កាប់ដំឡូងកាប់ទៅលើជនរងគ្រោះ០១នាក់ឈ្មោះ សុង ប្រុស ភេទប្រុស អាយុ ២៨ ឆ្នាំ ត្រូវជាបងថ្លៃ មានទីលំនៅផ្ទះជាមួយគ្នា បណ្តាលឲ្យរងរបួសដៃខាងឆ្វេង និងមុខខាងឆ្វេង (រងរបួសធ្ងន់ធ្ងរ) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ១៣ និង ២០ នាទី ត្រង់ចំណុចក្រុមទី០៩ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

នៅចំពោះមុខសមត្ថកិច្ចជនសង័្សយ បានឆ្លើយសារភាពថា មូលហេតុដែលខ្លួនយកកាំបិតកញ្ចែត កាប់ដំឡូងកាប់លើជនរងគ្រោះបែបនេះ គឺដោយសារខ្លួនស្រវឹងស្រាឈ្លោះប្រកែកទាស់សម្តីគ្នា ។ សម្ភារ:ដកហូតបានមាន កាំបិតកញ្ចែតកាប់ដំឡូងចំនួន០១ ជាវត្ថុតាងដែលជនសង័្សយ ប្រើប្រាស់ធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ ។

បច្ចុប្បន្ន ជនរងគ្រោះត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យ រីឯជនសង័្សយសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី-ច្បាប់ ៕

មតិយោបល់