ព័ត៌មានជាតិ

ស្រវឹងស្រាឈ្លោះប្រកែកគ្នា ប្អូនខឹងបានដុតផ្ទះបងរបស់ខ្លួនឯង បណ្ដាលអោយឆេះរងការខូចខាត១ខ្នង

កណ្តាល: នៅថ្ងៃសៅរ៍ ១៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៨និង០០នាទី មានករណីអគ្គិភ័យមួយបានកើតឡើង ដោយសារប្អូនស្រវឹងស្រាឈ្លោះប្រកែកជាមួយបង បានដុតផ្ទះ១ខ្នង បណ្តាលឲ្យឆេះរងការខូចខាតទាំងស្រុង ទីតាំងស្ថិតនៅត្រង់ចំណុចភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ នួន ស្រីណេ ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិទទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ជនដង្ស័យម្នាក់ឈ្មោះ នួន សុធា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល (ត្រូវជាប្អូនបង្កើត) ។

សម្ភារ:ខូចខាតរួមមាន៖ ១-ផ្ទះ១ខ្នងសង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី កម្ពស់២ម៉ែត្រកន្លះ ទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ និងសម្ភារ:ប្រើប្រាស់មួយចំនួន និងលុយ ១៥០០០០០៛ (មួយលានហាសិបម៉ឺនរៀល) ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើឈ្មោះ នួន សុធា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្រវឹងស្រាបានឈ្លោះប្រកែកជាមួយបងរបស់ខ្លួន (ជនរងគ្រោះ) ពេលនោះជនសង្ស័យខឹង បានដុតផ្ទះបងរបស់ខ្លួនឯង បណ្ដាលឲ្យខូចខាតផ្ទះមួយខ្នង ធ្វើអំពីឈើជញ្ជាំងស័ង្កសីដំបូលប្រក់ស័ង្កសី ក្រាលក្តារទទឹងប្រវែង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់២ម៉ែត្រកន្លះ និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។

ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់បន្ទាប់មកជនរងគ្រោះបានប្ដឹងនគរបាលប៉ុស្តិ៍គគីរ ក្រោយពីបានទទួល ព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការជាមួយកម្លាំងស្រុក អាជ្ញាធរភូមិ ឃុំ និងប្រជាការពារ បានចុះដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ ដោយប្រើរថយន្តបង្ការពន្លត់អគ្គិភ័យមួយគ្រឿង ប្រើទឹកអស់មួយរថយន្ត រលត់ទើបរលត់ទាំងស្រុង ។

ចំពោះករណីខាងលើ កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍គគីរកំពុងស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់