ព័ត៌មានជាតិ

ជនជាតិចិនស្រវឹងស្រា បើករថយន្តបុកសួនច្បារ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នាវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ មានករណីជនជាតិចិន បើករថយន្តបុកសួនច្បារ បណ្ដាលឲ្យរងការខូចខាត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជាជនជាតិចិនម្នាក់ ស្រវឹងជោកជាំបើកបររថយន្តមួយគ្រឿងម៉ាក លុចស៊ីសCT200h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BH-4779 ធ្វើដំណើរតាមបណ្ដោយផ្លូវ៤៧ ទិសដៅពីត្បូងទៅជើងនិងក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុរថយន្តនោះ ក៏បានបួងចង្កូតបត់ស្តាំបំណងឡើងទៅស្ពានជ្រោយចង្វារ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកខឿនសួនច្បារពេញទំហឹង បណ្តាលឲ្យបាក់បែកខឿនសួនច្បារអស់ជិត ១០ដុំ ចំណែកឯរថយន្តបានរងការខូចខាតក្រពឹត និងបាក់ក្រឡេកង់ខាងមុខចំហៀងខាងឆ្វេងទៅមុខលែងរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកដល់ទីតាំងវាស់វែងស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់