ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន រេចង្កូតឡើងខឿនចែកទ្រូងផ្លូវបុកបង្គោលភ្លើង ក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ស្រាល២នាក់

ភ្នំពេញ: នៅវេលាម៉ោង០២និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក កាមរីហាយប្រ៊ីក ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតឡើងខឿនចែកទ្រូងផ្លូវ បុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង រងរបួស២នាក់ធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ហេតុការណ៍៖​ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីក ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AY- 7056 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ មានបុរសម្នាក់ទៀតបានរួមដំណើរជាមួយនៅក្នុងរថយន្ត បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦A មានទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនមួយយ៉ាងលឿន ។ លុះពេលមកដល់ត្រង់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឡើងខឿនសួនពុះចែកទ្រូងផ្លូវ ទៅបុកបង្គោលភ្លើងពេញទំហឹង បណ្ដាលឲ្យបាក់មួយដើម ចំណែករថយន្តបង្កហេតុនោះវិញ បានក្រឡាប់ផ្ងារជើង រងរបួសធ្ងន់ស្រាលបុរសពីរនាក់ ។ ភ្លាមៗនោះជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យមើល ។ បន្ទាប់មកបានយករថយន្តបង្កហេតុខាងលើនោះ ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់